ក្រុមហ៊ុនហ្វីលីពីនឈានមុខ រួមមានក្រុមហ៊ុន San Miguel Corporation (SMC) ក្រុមហ៊ុន Excellent Associates Group Limited (EAGL) និងក្រុមហ៊ុន World City Group (WCG) កាលពីថ្ងៃច័ន្ទ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យភស្តុភារ កសិឧស្សាហកម្ម និងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបដាច់ដោយឡែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅទីក្រុងម៉ានីល។
បន្ទាប់ពីចូលរួមវេទិកាធុរកិច្ចកម្ពុជា និងហ្វីលីពីននៅទីក្រុងម៉ានីល លោកនាយករដ្ឋមន្ត្រីបានអនុញ្ញាតិទទួលជួបសម្តែងការគួរសមចំនួនបីដាច់ដោយឡែកពីគ្នា ជាមួយលោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុនSMC បន្ទាប់មកជាមួយ លោក Dai Jianlaing ប្រធានក្រុមហ៊ុន EAGL និងលោក Raymond Patrick V Guico ប្រធានក្រុមហ៊ុន WCG ។
ប្រធានក្រុមហ៊ុន SMC បានជម្រាបជូន លោក ហ៊ុន ម៉ាណែត អំពីប្រវត្តិរបស់ក្រុមហ៊ុន ដែលនាំមុខគេលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ម្ហូបអាហារ និងភេសជ្ជៈ ថាមពល និងការចម្រាញ់ប្រេង។
លោក Ang បានមានប្រសាសន៍ថា ក្រុមហ៊ុន SMC បានសាងសង់ និងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ដែលជាច្រកទ្វារសំខាន់របស់ប្រទេសហ្វីលីពីន ដែលបម្រើដល់ទីក្រុងម៉ានីលតាមរយៈស្ថានីយចំនួន៤ និងទទួលអ្នកដំណើរជាង ៤០លាននាក់ ជារៀងរាល់ឆ្នាំ។
លោកបានបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុន SMC ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារ តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដោយសង្កត់ធ្ងន់ទៅលើកម្លាំងពលកម្មជំនាញ និងទីតាំងយុទ្ធសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ជាគុណសម្បត្តិប្រកួតប្រជែងដ៏សំខាន់។
ដោយស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់លោក Ang លោក ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ផ្លូវល្បឿនលឿន ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់។
លោកបានសង្កត់ធ្ងន់ថា វិស័យកសិកម្ម ដែលជាវិស័យយុទ្ធសាស្ត្រសម្រាប់កម្ពុជា ផ្តល់នូវសក្តានុពលវិនិយោគដ៏ច្រើននៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយភ្ជាប់តំបន់ទៅនឹងទីផ្សារសកល។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងសម្របសម្រួលការវិនិយោគ ដោយបង្កើតបរិយាកាសអំណោយផលសម្រាប់ក្រុមហ៊ុនបរទេសឱ្យមានការរីកចម្រើន។
ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទទួលជួបសម្តែងការគួរសមមួយទៀតពីលោក Dai Jianliang ប្រធានក្រុមហ៊ុន EAGL ដែលបានលើកឡើងពីផែនការពង្រីកការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក Jianliang បានជម្រាបជូនសង្ខេបពីគោលបំណងរបស់ក្រុមហ៊ុន EAGL ក្នុងការអភិវឌ្ឍន៍សួនឧស្សាហកម្ម និងកសិឧស្សាហកម្ម ជាពិសេសការកែច្នៃអង្ករសម្រាប់ការនាំចេញទៅកាន់ទីក្រុងហុងកុង ប្រទេសចិន និងទីផ្សារផ្សេងៗទៀត។
លោក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះផែនការវិនិយោគរបស់លោក Jianliang ដោយសង្កត់ធ្ងន់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគាំទ្រតំបន់សេដ្ឋកិច្ចពិសេស។
លោកក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន EAGL ធ្វើការវិនិយោគក្នុងខ្សែច្រវាក់ផ្គត់ផ្គង់កសិឧស្សាហកម្ម រួមទាំងការផលិតជីធម្មជាតិ និងជីគីមី ដើម្បីកាត់បន្ថយការចំណាយ និងបន្ថែមតម្លៃសម្រាប់កសិករក្នុងស្រុក។
ដូចគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីបានជួបសម្តែងការគួរសមជាមួយ Raymond Patrick V. Guico ប្រធានក្រុមហ៊ុន WCG ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលជាមួយដៃគូក្នុងស្រុកក្នុងវិស័យសុខាភិបាល។
ក្នុងឱកាសជំនួបនោះ លោក Guico បានចែករំលែកផែនការរបស់ក្រុមហ៊ុន WCG ក្នុងការអភិវឌ្ឍន៍ការអប់រំសុខភាពកម្រិតឧត្តមសិក្សាទៅជាវិស័យឈានមុខគេក្នុងអាស៊ី ដោយគូសបញ្ជាក់ថា ភាពជាដៃគូជាមួយអ្នកវិនិយោគក្នុងស្រុកគឺជាគន្លឹះនៃភាពជោគជ័យ។
លោកបានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន WCG និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រីកប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល។
លោកបានបន្ថែមថា “ដោយមានការគាំទ្រពីលោកនាយករដ្ឋមន្ត្រី និងកិច្ចសហការដ៏រឹងមាំ យើងមានគម្រោងទៅទស្សនាព្រះរាជាណាចក្រកម្ពុជាម្តងទៀតក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញចក្ខុវិស័យនេះ និងធានាបាននូវសមិទ្ធិផលនាពេលអនាគត” ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើវិស័យសុខាភិបាល ដោយកត់សម្គាល់ពីតម្រូវការខ្ពស់សម្រាប់អ្នកជំនាញសុខាភិបាល ជាពិសេសគិលានុបដ្ឋាយិកា ដើម្បីបម្រើប្រជាពលរដ្ឋ រួមទាំងមនុស្សចាស់ផងដែរ។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្តង់ដារអប់រំ និងបណ្តុះបណ្តាលប្រកបដោយគុណភាព ដោយជំរុញដល់ក្រុមហ៊ុន WCG ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក និងក្រសួងសុខាភិបាល ដើម្បីបង្កើតស្តង់ដារច្បាស់លាស់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។
លោក Ben Li ស្ថាបនិក និងជាប្រធានកិត្តិយសនៃសមាគមពាណិជ្ជកម្ម កម្ពុជា-ចិន (CCCA) បានប្រាប់កាសែតខ្មែរថាមស៍ថា កម្ពុជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិនិយោគិនបរទេស ជាពិសេសជាមួយនឹងច្បាប់វិនិយោគបច្ចុប្បន្ន ដែលធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញ។
លោកបានមានប្រសាសន៍ថា នៅពេលដែលព្រែកជីកហ្វូណនតេជោ និងបណ្តាញផ្លូវល្បឿនលឿនត្រូវបានសាងសង់រួច ទីតាំងយុទ្ធសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា នឹងវិវត្តទៅជាមជ្ឈមណ្ឌលទំនិញដ៏សំខាន់សម្រាប់តំបន់អាស៊ាន ដោយពង្រឹងតួនាទីរបស់ខ្លួននៅក្នុងបណ្តាញពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។