គណៈប្រតិភូវិនិយោគចិនកាលពីពេលថ្មីៗនេះបានធ្វើទស្សនកិច្ចនៅកាន់ខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីសក្តានុពលនៃផលិតកម្មស្វាយចន្ទី និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីដែលត្រូវបានកែច្នៃទៅកាន់ប្រទេសចិន។
យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានកសិ-ឧស្សាហកម្ម កាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា លោក ធន់ សុភ័ក្រ្ត អនុប្រធានការិយាល័យកសិ-ពាណិជ្ជកម្ម នៃនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនពីទីក្រុង ស៊ីអាន (Xi’an) នៃខេត្តសានស៊ី (Shanxi) ទីក្រុងសៀងហៃ ដើម្បីចុះពិនិត្យផលិតកម្មគ្រាប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី ៨ ដល់ ១០ ខែមករា។
គណៈប្រតិភូចិនបានទៅទស្សនារោងចក្រកែច្នៃស្វាយចន្ទីដែលមានការចូលរួមពីកសិករដាំស្វាយចន្ទី សហគមន៍កសិកម្មទំនើប អ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី និងសមាគមស្វាយចន្ទីកម្ពុជា។
ដោយបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ នាយកដ្ឋានកសិឧស្សាហកម្មបាននិយាយថា គណៈប្រតិភូដែលបានមកទស្សនានាពេលនេះ បានវាយតម្លៃសក្តានុពលនៃការផលិតគ្រាប់ស្វាយចន្ទី និងស្វែងរកឱកាសសម្រាប់បង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារចិន។
លើសពីនេះ គណៈប្រតិភូក៏បានបង្ហាញពីឱកាសវិនិយោគក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅប្រទេសចិន និងស្វែងយល់ពីបញ្ហាប្រឈមក្នុងផលិតកម្មស្វាយចន្ទី រួមទាំងបញ្ហាសត្វល្អិត និងការប្រើប្រាស់ជីផងដែរ។
សមាគមស្វាយចន្ទីកម្ពុជា បានរៀបចំកិច្ចប្រជុំដ៏សំខាន់មួយជាមួយគណៈប្រតិភូចិន ដែលក្នុងឱកាសនោះភាគីបានពិភាក្សាអំពីបញ្ហាទាក់ទងនឹងឱកាសជាយុទ្ធសាស្ត្រនៅក្នុងចម្ការស្វាយចន្ទី និងរោងចក្រកែច្នៃ។
សមាគមស្វាយចន្ទីកម្ពុជា បានបន្ថែមថា «ក្រុមធុរកិច្ចចិនចាប់អារម្មណ៍លើការស្វែងរកការវិនិយោគរួមគ្នាសម្រាប់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីទាំងរយៈពេលវែង និងរយៈពេលខ្លី ជាពិសេសការទិញគ្រាប់ស្វាយចន្ទីកែច្នៃ។ គណៈប្រតិភូគ្រោងនឹងត្រឡប់មកកម្ពុជាវិញក្នុងខែមេសា ដើម្បីបង្កើនអត្ថប្រយោជន៍បន្ថែម»។
លើសពីនេះ តំណាងសមាគមស្វាយចន្ទីកម្ពុជា កំពុងជំរុញកិច្ចពិភាក្សាយ៉ាងសកម្មជាមួយគណៈប្រតិភូចិនមកពីក្រុង ជាំងស៊ី (Jainshi) ខេត្តហ៊ូប៉ី (Hubei) ដែលបានត្រឡប់មកកម្ពុជាវិញសម្រាប់ដំណើរទស្សនកិច្ចលើកទីពីររបស់ពួកគេកាលពីពាក់កណ្តាលខែតុលាឆ្នាំមុន។
គួរកត់សម្គាល់ថា កាលពីខែមករាកន្លងទៅ លោក សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (ពាណិជ្ជកម្មពហុភាគី និងកិច្ចការសេដ្ឋកិច្ច) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានបើកកិច្ចប្រជុំនៅសាលាខេត្តកំពង់ធំ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ឧស្សាហកម្មគ្រាប់ស្វាយចន្ទីក្នុងខេត្ត។
កិច្ចប្រជុំនេះមានការចូលរួមពីលោក គង់ ចាន់តារារ័ត្ន ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រួមជាមួយអភិបាលរងខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ចាម ប្រធានមន្ទីរពាក់ព័ន្ធមកពីខេត្តទាំងពីរ និងវិស័យឯកជនក្នុងឧស្សាហកម្មស្វាយចន្ទី។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះបានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា ទាំងភាគីរដ្ឋ និងឯកជនមានគោលបំណងស្វែងរកចំណុចរួមមួយស្តីពីវិធីជួយដល់វិស័យស្វាយចន្ទីកម្ពុជា។ ទោះយ៉ាងណានៅមានព័ត៌មានលម្អិតមួយចំនួនដែលក្រុមការងារបានស្នើសុំមិនឲ្យផ្សព្វផ្សាយជាសាធារណៈ។
លោក កុកធាន មានប្រសាសន៍ថា ជារួម លទ្ធផលនៃកិច្ចប្រជុំមានភាពវិជ្ជមានជាមួយនឹងការរួមចំណែកប្រកបដោយផលិតភាពពីក្រុមការងាររបស់ក្រសួង ក្រុមការងារនាយករដ្ឋមន្ត្រី និងក្រុមការងារកែច្នៃវិស័យឯកជន។
លោក កុក ធាន បានបន្តថា “នៅពេលដែលសួនឧស្សាហកម្មដែលបង្កើតឡើងដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការ វានឹងជំរុញបន្ថែមដល់ការកែច្នៃ និងធានាបាននូវស្ថិរភាពតម្លៃសម្រាប់កសិករដាំស្វាយចន្ទី ទប់ស្កាត់ការប្រែប្រួល និងអស្ថិរភាពដែលបានជួបប្រទះនាពេលកន្លងមក។ គោលបំណងនៃការបង្កើតសួនឧស្សាហកម្មនេះគឺដើម្បីផ្គត់ផ្គង់វត្ថុធាតុដើម សម្រួលដល់ដំណើរការកែច្នៃ និងនាំចូលបច្ចេកវិទ្យា ដើម្បីបង្កើនប្រតិបត្តិការក្នុងសួនឧស្សាហកម្មនេះ»។
ដូច្នេះ អ្វីដែលរដ្ឋាភិបាលកំពុងបង្កើតឡើង នឹងក្លាយជាការអភិវឌ្ឍដ៏ល្អបំផុតមួយសម្រាប់ឧស្សាហកម្មស្វាយចន្ទីកម្ពុជា»។
គួររំលឹកថា កាលពីចុងខែវិច្ឆិកាឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឯកភាពបង្កើតសួនឧស្សាហកម្មស្វាយចន្ទីក្នុងខេត្តកំពង់ធំ ដែលអាចបង្កើតប្រភពចំណូលថ្មីសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់៣ នៃបឹងទន្លេសាប។
លោកបានបន្ថែមថា «យើងប្រើដីរដ្ឋសម្រាប់ការអភិវឌ្ឍ មិនមែនដីឯកជនទេ។ រដ្ឋផ្តល់ដី ខណៈក្រុមហ៊ុនឯកជនចូលរួមចំណែកក្នុងគម្រោង ដោយសហការគ្នាបង្កើតសួនឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ»។