ខេត្តកំពង់ធំបានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីគាំទ្រគោលបំណងរបស់រដ្ឋាភិបាលក្នុងការជំរុញការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។
ពិធីបើកការដ្ឋានសាងសង់នាពេលថ្មីៗនេះ ធ្វើឡើងក្រោមអធិបតីភាពលោកស៊ុម សុខម្ពូ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាទីប្រឹក្សាជាន់ខ្ពស់របស់សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងអ្នកស្រី ពិន ភិរម្យ អគ្គនាយិកាក្រុមហ៊ុន Unique Noble Trading Co., Ltd.។
លោកជា វ៉ាន់ចាន់ បានស្វាគមន៍ចំពោះការសាងសង់រោងចក្រនេះ ដោយចាត់ទុកថាវាជាការវិនិយោគទាន់ពេលវេលា ដែលសមស្របនឹងអាទិភាពរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការកែច្នៃ គ្រាប់ស្វាយចន្ទីនៅក្នុងស្រុក។
លោកបានអោយដឹងទៀតថា ផ្ទៃដី ១៥.០០០ គីឡូម៉ែត្រការ៉េ ក្នុងខេត្តកំពង់ធំមានសក្ដានុពល ជាពិសេសសម្រាប់ដំណាំឧស្សាហ៍កម្ម ដូចជាគ្រាប់ស្វាយចន្ទីជាដើម។
លោកបន្ថែមថា រោងចក្រនឹងលើកកម្ពស់ផលិតភាពគ្រាប់ស្វាយចន្ទី និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
អ្នកស្រី ពិន ភិរម្យ បានកត់សម្គាល់ថា រោងចក្រនេះអាចកែច្នៃគ្រាប់ស្វាយចន្ទីបាន ៣០ តោនក្នុងមួយថ្ងៃ ហើយអាចបង្កើតការងារបានពី ២០០ ទៅ ៤០០ កន្លែងសម្រាប់អ្នកស្រុក។
រោងចក្រក៏នឹងកែច្នៃសំបកស្វាយចន្ទីគាបវាយកប្រេង និងធ្វើជាជីកសិកម្មផងដែរ។ រោងចក្រនេះមានទីតាំងនៅភូមិសាលាពពេល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។ AKP