ការកើនឡើងនៃការផលិតគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាទៅកាន់ចំណាត់ថ្នាក់លេខ២ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក បាននាំមុខប្រទេសឥណ្ឌា ហើយត្រឹមតែមួយពិន្ទុខាងក្រោយប្រទេសកូតឌីវ័រ ដើម្បីជាប់ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក។
អ្នកជំនាញជឿថា វាគ្រាន់តែជាកត្តាពបពេលវេលាប៉ុណ្ណោះ មុនពេលកម្ពុជានឹងទទួលបានតំណែងលេខមួយ។
រដ្ឋាភិបាលបានកំណត់ឆ្នាំ២០៣០ដើម្បីសម្រេចបាននូវគោលដៅ ហើយការរៀបចំផ្សេងៗកំពុងដំណើរការរួចហើយ។
ក្រៅពីវិធានការផ្សេងៗដែលផ្តួចផ្តើមដោយអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីសប្តាហ៍មុនបានប្រកាសកំណត់តំបន់ឧស្សាហកម្មស្វាយចន្ទីលើផ្ទៃដីជាង ៥០០ ហិកតាក្នុងខេត្តកំពង់ធំដើម្បីបំពេញតម្រូវការទីផ្សារអន្តរជាតិ។ កាសែតខ្មែរថាមស៍ នឹងផ្តល់ការស្វែងយល់ពីសក្តានុពលនៅក្នុងវិស័យគ្រាប់ស្វាយចន្ទី ដូចខាងក្រោម៖
ចំណែកអន្តរជាតិរបស់កម្ពុជាក្នុងការផលិតគ្រាប់ស្វាយចន្ទីគឺមានខ្ពស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតផលិតកម្មមានការកើនឡើង ដោយមានអ្នកជំនាញព្យាករណ៍ថា កម្ពុជានឹងមានប្រៀបជាងប្រទេសផ្សេងៗដើម្បីក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេនៅឆ្នាំ២០៣០។
គិតត្រឹមឆ្នាំ២០២៤កម្ពុជាមានចម្ការស្វាយចន្ទីជាង ៥៨០,០០០ ហិកតា ដែលផ្តល់ទិន្នផលជាមធ្យម ១,៥ តោនក្នុងមួយហិកតា។ យោងតាមរបាយការណ៍ចុងក្រោយរបស់សមាគមស្វាយចន្ទីកម្ពុជាក្នុងរយៈពេល១០ ខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៤០,០០០ តោន កើនឡើង២៦ ភាគរយ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីធំទីពីររបស់ពិភពលោក។
ដោយមើលឃើញពីលក្ខខណ្ឌកសិកម្មដ៏ល្អ ការគាំទ្រពីរដ្ឋាភិបាលដ៏រឹងមាំ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ្នកពាក់ព័ន្ធអន្តរជាតិ កម្ពុជាមានលទ្ធភាពក្នុងការក្លាយជាតួអង្គសំខាន់នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក។
ម្យ៉ាងវិញទៀត រដ្ឋាភិបាលបានដាក់ចេញនូវទស្សនវិស័យដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងពិភពលោក ដោយមានបំណងក្លាយជា “អធិរាជស្វាយចន្ទី” នាពេលអនាគត។ ‘គោលនយោបាយគ្រាប់ស្វាយចន្ទីជាតិ២០២២-២០២៧’ ត្រូវបានបង្កើតឡើងដើម្បីបង្កើនផលិតកម្ម ការកែច្នៃ ការប្រកួតប្រជែងទីផ្សារ ធានានូវនិរន្តរភាពយូរអង្វែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
គោលនយោបាយគ្រាប់ស្វាយចន្ទីកំណត់គោលដៅសំខាន់ៗចំនួនបី៖ ការកែលម្អផលិតកម្ម និងគុណភាពផលិតផល ការពន្លឿនដំណើរឧស្សាហូបនីយកម្ម ដើម្បីបន្ថែមតម្លៃ២៥ ភាគរយទៀតដល់ការប្រមូលផល និងកែច្នៃគ្រាប់ស្វាយចន្ទីនៅឆ្នាំ២០២៧ និងការលើកកម្ពស់ការធ្វើពិពិធកម្មទីផ្សារ និងការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីពង្រឹងឱកាសនាំចេញ។ គោលដៅចុងក្រោយគឺជំរុញចំណែកសកលរបស់កម្ពុជាក្នុងឧស្សាហកម្មគ្រាប់ស្វាយចន្ទី។
កិច្ចខិតខំប្រឹងប្រែងសំខាន់ៗរួមមានការលើកកម្ពស់ផលិតកម្ម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកលទ្ធភាពទទួលបានទីផ្សារ ដែលទាំងអស់នេះកំពុងរួមចំណែកដល់ភាពជោគជ័យរបស់ប្រទេស។
ដោយផ្តោតលើការធ្វើកសិកម្មប្រកបដោយចីរភាព ការវិនិយោគលើការកែច្នៃតម្លៃបន្ថែម និងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ កម្ពុជានឹងត្រៀមខ្លួនជាស្រេចដើម្បីយកឈ្នះប្រទេសផលិតគ្រាប់ស្វាយចន្ទីប្រពៃណី។
គំនិតផ្តួចផ្តើមទាំងនេះមិនត្រឹមតែលើកកម្ពស់ជីវភាពរបស់កសិករក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជំរុញកំណើនសេដ្ឋកិច្ច និងជំរុញសក្តានុពលនាំចេញរបស់ប្រទេសផងដែរ។
ស្វាយចន្ទីជាដំណាំសំខាន់សម្រាប់កម្ពុជា។ ក្នុងចំណោមគ្រាប់ស្វាយចន្ទីឆៅចំនួន ៨៤០,០០០ តោន ដែលផលិតក្នុងឆ្នាំនេះ មានជាង ៧៩០,០០០ តោន ដែលមានតម្លៃ ១.១១ ពាន់លានដុល្លារ ត្រូវបាននាំចេញទៅប្រទេសវៀតណាម។
ជំរុញការដាំស្វាយចន្ទី
ដើម្បីពង្រីកការដាំដុះស្វាយចន្ទី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតសហគមន៍កសិកម្មស្វាយចន្ទីទំនើបនៅក្នុងខេត្តកំពង់ធំ។
សហគមន៍ទាំងនេះត្រូវបានរៀបចំឡើងដើម្បីភ្ជាប់កសិករដោយផ្ទាល់ជាមួយទីផ្សារ គាំទ្រដោយទុន និងធនធានបច្ចេកទេសដែលផ្តល់ដោយរដ្ឋាភិបាល។
រហូតមកដល់ពេលនេះ សហគមន៍រួមមាន កំពង់ធំ សាលាវិស័យ (សមាជិក ៨៨ នាក់ មានផ្ទៃដី ២៥៥ ហិកតា) ប្រាសាទសំបូររុងរឿង (សមាជិក ១៣៦ នាក់ មាន ៥៨៦ ហិកតា) និង ទំរីងកំពង់ធំ (សមាជិក ៧៦ នាក់ មាន ៤៦០ ហិកតា) ។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានមានប្រសាសន៍ថា គ្រាប់ស្វាយចន្ទីផ្តល់ប្រាក់ចំណេញខ្ពស់ជាងបើធៀបនឹងដំណាំដទៃទៀត ដោយសារតម្រូវការថែទាំទាប។
ទិន្នផលជាមធ្យមក្នុងមួយហិកតាគឺប្រហែល ១,៥ តោន ទោះបីជាតំបន់ខ្លះអាចទទួលបានទិន្នផលរហូតដល់៤ តោនក្នុងមួយហិកតាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នផលស្វាយចន្ទីទាំងមូលមានការប្រែប្រួល ដោយទិន្នផលថ្មីៗមានចាប់ពី ៧៨០,០០០ ទៅ ៩០០,០០០ តោន។
បន្ទាប់ពីទទួលស្គាល់សក្តានុពលផលិតផលគ្រាប់ស្វាយចន្ទី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ថា គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីអភិវឌ្ឍចម្ការស្វាយចន្ទីសម្រាប់ប្រកួតប្រជែងទីផ្សារអន្តរជាតិ។
លោកបានបន្ថែមថា គោលបំណងរួមមានការកែច្នៃ និងនាំចេញផលិតផលទាំងនេះជាសាកល និងធ្វើអោយកម្ពុជាក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីឈានមុខគេលើពិភពលោក តាមរយៈការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី។
លោកបានសង្កត់ធ្ងន់”ឆ្ពោះទៅមុខក្នុងឆ្នាំ២០៣០ ខ្ញុំមានទំនុកចិត្តថាយើងនឹងក្លាយជាអ្នកដឹកនាំពិភពលោកនៅក្នុងវិស័យគ្រាប់ស្វាយចន្ទី។
ហេតុផលដំបូងរបស់ខ្ញុំគឺផ្អែកលើគោលនយោបាយជាតិគ្រាប់ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលកំណត់គោលដៅដើម្បីបង្កើនតម្លៃបន្ថែមនៃការកែច្នៃគ្រាប់ស្វាយចន្ទីអោយបាន២៥ ភាគរយនៅឆ្នាំ២០២៧”។
សមាគមស្វាយចន្ទីកម្ពុជា (CAC) មានទំនុកចិត្តលើសក្តានុពលរបស់កម្ពុជាក្នុងការក្លាយជាអ្នកផលិតកំពូលរបស់ពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោក ស៊ុយ កុកធាន អនុប្រធាន CAC បានបង្ហាញពីការកើនឡើងផលិតកម្ម និងទិន្នផលខ្ពស់ រួមជាមួយនឹងការពង្រីកផ្ទៃដីដាំស្វាយចន្ទី។ កសិករជាច្រើនមានបំណងចង់ដាំកូនស្វាយចន្ទី ដោយសារតម្លៃគ្រាប់មានគុណភាពខ្ពស់ ដែលនាំឱ្យតម្រូវការដើមស្វាយចន្ទីកើនឡើង។
លោកបានសង្កត់ធ្ងន់ថា និន្នាការនៃការដាំស្វាយចន្ទី រំពឹងថានឹងបន្តកើនឡើង ដោយសារតម្លៃនៅតែខ្ពស់និងកង្វះការផ្គត់ផ្គង់ជាសកល ដែលជំរុញឱ្យមានតម្រូវការកើនឡើង។
ទោះបីជាមានទស្សនវិស័យវិជ្ជមានក៏ដោយ លោកបានទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុបង្កបញ្ហាប្រឈមខ្លាំងដល់ទិន្នផល។ ទោះជាយ៉ាងនេះក្តី កសិករត្រូវបានបំពាក់បន្ថែមនូវបច្ចេកទេសដាំដុះកម្រិតខ្ពស់ជាបន្តបន្ទាប់ពី CAC និងក្រសួងកសិកម្ម។
បើនិយាយពីដំណើរការវិញ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ១២ លានដុល្លារដែលកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន CSNC នៅកម្ពុជា ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការនៅខែមីនា ឆ្នាំ២០២៥។
រោងចក្រនេះនឹងផលិតគ្រាប់ស្វាយចន្ទីចំនួន៤០ តោនជារៀងរាល់ថ្ងៃ ដោយផ្តោតលើទីផ្សារដូចជាប្រទេសចិន អឺរ៉ុប អេមីរ៉ាតអារ៉ាប់រួម និងសហរដ្ឋអាមេរិក។ ការនាំចេញដំបូងពីរោងចក្រនេះនឹងទៅកាន់ប្រទេសចិន ជាពិសេសខេត្ត Hainan សម្រាប់ការវេចខ្ចប់។
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិនលោកWang Wenbinលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនជាស្រេចស្វាគមន៍អ្នកវិនិយោគដែលចាប់អារម្មណ៍លើការកែច្នៃផលិតផលកសិកម្ម រួមមានអង្ករ ស្វាយ គ្រាប់ស្វាយចន្ទី និងទឹកមាត់ត្រចៀកកាំ។
លោកបានបន្ថែមថា កម្ពុជាមានគ្រាប់ស្វាយចន្ទីល្អ និងឆ្ងាញ់ ដែលត្រូវការអ្នកនាំចេញបន្ថែមគុណភាពខ្ពស់ ដែលអាចផ្តល់អត្ថប្រយោជន៍ទាំងកសិករ និងក្រុមហ៊ុន។
ការវិនិយោគជាយុទ្ធសាស្ត្រ
កាលពីខែតុលា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវផែនទីតំបន់ដាំដុះស្វាយចន្ទីនៅកម្ពុជា ដើម្បីលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយចីរភាព។
បើនិយាយពីដីដាំដុះនៅទូទាំងពិភពលោក កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានផ្ទៃដីជាង ៥៨០ ០០០ ហិកតា។
វិស័យគ្រាប់ស្វាយចន្ទីរបស់ប្រទេសត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ជាមួយនឹងការកែច្នៃក៏គ្រោងនឹងពង្រីកនៅឆ្នាំ២០២៥ ដោយសារលក្ខខណ្ឌអាកាសធាតុអំណោយផល និងការបង្កើនការវិនិយោគពីក្រុមហ៊ុនពិភពលោក។
លោក អួន ស៊ីឡុតប្រធាន CAC មានប្រសាសន៍ថា ផលិតកម្មគ្រាប់ស្វាយចន្ទីត្រូវបានរំពឹងថានឹងបន្តកើនឡើង ហើយការកែច្នៃក៏បានព្យាករណ៍ថានឹងកើនឡើងនៅឆ្នាំ២០២៥។
“ខ្ញុំរំពឹងថាការកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់ការនាំចេញនឹងកើនឡើងជាង១០ ភាគរយនៅឆ្នាំក្រោយ ដោយសារក្រុមហ៊ុនជាច្រើនមកពីប្រទេសជប៉ុន។ ប្រទេសចិន និងកូរ៉េខាងត្បូងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគ។
ពួកគេកំពុងស្វែងយល់ពីសក្ដានុពលនៃការកែច្នៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ»។
ថ្មីៗនេះ អ្នកវិនិយោគជនជាតិកូរ៉េមួយក្រុមបានមកធ្វើទស្សនកិច្ចនៅខេត្តកំពង់ធំ ដើម្បីស្វែងរកទីតាំងសក្តានុពលសម្រាប់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងនាំចេញ។
ចំណាប់អារម្មណ៍របស់ពួកគេត្រូវបានជំរុញដោយសក្តានុពលកសិកម្មក្នុងតំបន់ និងគោលនយោបាយគាំទ្រការវិនិយោគរបស់កម្ពុជា។
លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្ បានជួបជាមួយលោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល។
លោក Lee បានបញ្ជាក់ថា ក្រុមហ៊ុន Heungkuk Industry ដែលជាក្រុមហ៊ុនផលិតសម្ភារសំណង់ឈានមុខគេរបស់កូរ៉េខាងត្បូង កំពុងស្វែងរកការធ្វើពិពិធកម្មផលប័ត្រវិនិយោគរបស់ខ្លួន ហើយចាប់អារម្មណ៍ជាពិសេសលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយសារសក្តានុពលកសិកម្មរបស់ប្រទេស និងបរិយាកាសវិនិយោគអំណោយផល។
ក្នុងជំនួបនោះ លោក វង្សី វិស្សុត បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការវិនិយោគរបស់ Heungkuk Industry និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគពីបរទេស។
លោកបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ដែលគំនិតផ្តួចផ្តើមទាំងនេះដើរតួក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលជាអាទិភាពសំខាន់របស់រដ្ឋាភិបាល។
លោកបានបន្ថែំថា “លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានតស៊ូមតិយ៉ាងខ្លាំងសម្រាប់ការផលិត និងកែច្នៃគ្រាប់ស្វាយចន្ទី ជាមួយនឹងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក ឬហៅថា “អធិរាជស្វាយចន្ទី”។
លោកបានលើកឡើងទៀតថា«ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិស្វាគមន៍គម្រោងវិនិយោគថ្មី។
ទីស្តីការគណៈរដ្ឋមន្ត្រីប្តេជ្ញាគាំទ្រការវិនិយោគ និងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្មីៗនេះបានអនុម័តបង្កើតតំបន់ឧស្សាហកម្មស្វាយចន្ទីក្នុងខេត្តកំពង់ធំ សំដៅបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ទី៣ នៃតំបន់បឹងទន្លេសាប។
ការឯកភាពរបស់លោកធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងការបង្កើតតំបន់ឧស្សាហកម្មស្វាយចន្ទី។
លោកបានលើកឡើងទៀតថា យើងនឹងប្រើដីរដ្ឋសម្រាប់ការអភិវឌ្ឍន៍ មិនមែនដីឯកជនទេ។ រដ្ឋនឹងផ្តល់ដី ខណៈក្រុមហ៊ុនឯកជននឹងចូលរួមចំណែកលើគម្រោង ដោយសហការគ្នាបង្កើតតំបន់ឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ។
គំនិតផ្តួចផ្តើមនេះនឹងផ្តល់ឱ្យប្រជាពលរដ្ឋនៅតំបន់ទី៣ និងតំបន់ជុំវិញជាជម្រើសក្នុងការធ្វើកសិកម្មដោយផ្តល់ឱកាសការងារពេញមួយឆ្នាំ។
រដ្ឋាភិបាលប្ដេជ្ញាប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីលំដាប់ពិភពលោក។
តំបន់ឧស្សាហកម្មគ្រាប់ស្វាយចន្ទីដែលបានស្នើឡើងក្នុងខេត្តកំពង់ធំ មានគោលបំណងផ្តល់ប្រភពចំណូលជំនួសសម្រាប់សហគមន៍មូលដ្ឋាន ដោយផ្តល់ឱកាសការងារពេញមួយឆ្នាំក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី។
លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្រាប់កាសែតខ្មែរថាមស៍ថា ខេត្តកំពង់ធំសំបូរទៅដោយសក្តានុពលផ្នែកកសិកម្ម និងឧស្សាហកម្ម ជាពិសេសដំណាំស្រូវ កៅស៊ូ ដំឡូងមី និងគ្រាប់ស្វាយចន្ទី។ ខេត្តនេះមានផ្ទៃដីដាំដុះប្រមាណ ១៥២.៦១១ ហិកតា ផលិតគ្រាប់ស្វាយចន្ទីប្រមាណ ២២១.៧៥៨ តោនក្នុងមួយឆ្នាំ។
លោកបានបន្តថា ខេត្តកំពង់ធំមានទីតាំងល្អនៅកណ្តាលប្រទេសសម្រាប់ការដឹកជញ្ជូនកសិផលដែលបង្កភាពងាយស្រួលក្នុងការប្រមូលនិងនាំចេញទំនិញតាមផ្លូវគោកនិងផ្លូវទឹក។
លោកបានបន្ថែមថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការបង្កើនការនាំស្វាយចន្ទីរបស់កម្ពុជា ជាពិសេសការបន្ថែមតម្លៃ និងបង្កើតការងារ រដ្ឋបាលខេត្តកំពង់ធំ បានចូលរួមជាមួយអ្នកជំនាញ ដើម្បីពិភាក្សាអំពីការបង្កើតកសិឧស្សាហកម្ម។
“នេះនឹងបម្រើជាមជ្ឈមណ្ឌលកែច្នៃ និងនាំចេញផលិតផលកសិកម្ម ជាពិសេសគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ។
គោលបំណងគឺធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត និងបង្កើតឱកាសការងារថ្មីសម្រាប់ប្រជាជនក្នុងស្រុក” ។
តំបន់កសិឧស្សាហកម្មដែលបានស្នើឡើងត្រូវបានគ្រោងទុកនៅលើផ្ទៃដីជាង៥០០ហិកតា ជាមួយនឹងការសិក្សាលទ្ធភាពដើម្បីស្វែងរកភាពជាដៃគូដែលមានសក្តានុពលលើគម្រោងនេះ។
អនាគតនៃផលិតកម្មស្វាយចន្ទី
លោក អួន សីឡុត បានមានប្រសាសន៍ថា ថ្មីៗនេះ កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទីពីរលើពិភពលោក នាំមុខប្រទេសឥណ្ឌា ខណៈប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទី១ លើពិភពលោកគឺប្រទេសកូតឌីវ័រ។
លោកបានបន្តថា ឧស្សាហកម្មគ្រាប់ស្វាយចន្ទីកម្ពុជាទាមទារការវិនិយោគបន្ថែមប្រមាណ ៣២៩លានដុល្លារអាមេរិក ក្នុងការអនុវត្តតាមគោលនយោបាយជាតិឆ្នាំ២០២២-២០២៧ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា “យើងជិតក្លាយជាអ្នកដឹកនាំពិភពលោកនៅក្នុងវិស័យគ្រាប់ស្វាយចន្ទីហើយ ប៉ុន្តែថាតើយើងសម្រេចបាននូវសមិទ្ធិផលនេះឬអត់ យើងត្រូវចាំមើលទាំងអស់គ្នា” ។
លោក ហុង វណ្ណៈ សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កាសែតខ្មែរថាមស៍ថា ការប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក ទាមទារឱ្យមានផែនការសកម្មភាព និងការអនុវត្តជាបន្ទាន់ ព្រោះថាឆ្នាំ២០៣០ កាន់តែខិតជិតមកដល់។
«យើងនៅសល់តែ៥ឆ្នាំទៀតប៉ុណ្ណោះ ដូច្នេះយើងត្រូវប្រមូលទិន្នន័យឲ្យបានត្រឹមត្រូវអំពីចំនួនចម្ការនៅក្នុងខេត្តគោលដៅសំខាន់ៗ។ ខ្ញុំជឿថា សមាគមស្វាយចន្ទី ក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្តមានព័ត៌មាននេះរួចហើយ»។
លោកបានសង្កត់ធ្ងន់លើទិន្នន័យសំខាន់ៗមួយចំនួន ដែលភាគីពាក់ព័ន្ធទាំងអស់ត្រូវប្រមូល រួមមាន (ក) បរិមាណដីដាំដុះ បរិមាណផលិតកម្មស្វាយចន្ទី ស្តង់ដារគុណភាព និងតម្រូវការផ្សេងៗទៀត ខ) ចំនួនអ្នកដាំដុះ; គ) គុណភាពនៃផលិតផល (ឃ) ចំនួនកន្លែងកែច្នៃក្នុងខេត្តគោលដៅ ហើយសំខាន់បំផុត (ង) ទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា។
ទោះជាយ៉ាងនេះក្តី លោកបានលើកឡើងទៀតថា ឧបសគ្គចម្បងចំពោះឧស្សាហកម្មនេះ គឺចំនួនសហគ្រាស ឬរោងចក្រដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីមានកម្រិត។ នេះជាបញ្ហាប្រឈមដែលត្រូវតែដោះស្រាយ ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចនៃគ្រាប់ស្វាយចន្ទី ដែលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចគ្រួសារ និងជាតិ។
ម្យ៉ាងវិញទៀត អ្នកអភិវឌ្ឍន៍អចលនទ្រព្យជប៉ុនបានជួយកម្ពុជាឱ្យមានការរីកចំរើនគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកគោលដៅរបស់ខ្លួនក្នុងការក្លាយជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីកំពូលរបស់ពិភពលោក។
កាលពីដើមខែមិថុនា ក្រុមហ៊ុន Mirarth Holdings បានប្រារព្ធពិធីបញ្ចប់ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតូចមួយនៅក្នុងខេត្តកំពង់ធំ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្លួន នេះបើយោងតាមកាសែតNikkei Asia ។
ដើម្បីលើកកម្ពស់បន្ថែមទៀតនូវគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅទូទាំងពិភពលោក ក្រសួងពាណិជ្ជកម្មកំពុងសហការជាមួយអ្នកមកពីវិស័យគ្រាប់ស្វាយចន្ទី ដើម្បីបង្កើតម៉ាកសញ្ញាគ្រាប់ស្វាយចន្ទីកម្ពុជា ដែលនឹងជួយបង្កើនភាពមើលឃើញជាអន្តរជាតិនៃផលិតផលគ្រាប់ស្វាយចន្ទីរបស់ប្រទេស។