សេចក្តីជូនដំណឹងបានឱ្យដឹងថា ក្រុមហ៊ុនអេមរុរ៉ាយស៍ (Amru Rice) ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ (Golden Rice) និងក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) កាលពីថ្ងៃច័ន្ទ បានចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករសរីរាង្គ និងដំឡូងមីសរីរាង្គជាង ៥០,០០០ តោននៅឆ្នាំនេះ ពីសហករណ៍កសិកម្មចំនួន៣៧ ក្នុងខេត្តព្រះវិហារ។
ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចុះកិច្ចសន្យាកសិកម្មជាមួយសហករណ៍កសិកម្មចំនួន ៣៧ ដែលរួមមាន កសិករខ្នាតតូចប្រមាណ ៥,០០០ គ្រួសារ ដើម្បីទិញអង្ករសរីរាង្គចំនួន ២៥,០០០ តោន។
ដូចគ្នានេះដែរ ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) បានចុះកិច្ចសន្យាជាមួយសហករណ៍កសិកម្មចំនួន ៩ ដើម្បីទិញដំឡូងមីសរីរាង្គចំនួន ២៥,០០០ តោន និងក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ នឹងទិញអង្ករសរីរាង្គចំនួន ១,២០០ តោន។
សេចក្តីជូនដំណឹងបាននិយាយថា ផលិតកម្មកសិកម្មគឺផ្តោតមិនត្រឹមតែលើស្តង់ដារសរីរាង្គប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើផលិតផលដែលអនុលោមតាមស្តង់ដារកសិកម្មដែលមិនប៉ះពាល់បរិស្ថាន ដើម្បីសម្រេចបាននូវគោលដៅនៃការបញ្ចេញកាបូនទាប។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ខេត្តព្រះវិហារ លោក ផាន់ សំអាង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា លោក នួន ដេ ប្រធានសហភាពសហករណ៍កសិកម្មព្រះវិហារមានជ័យ ក្នុងចំណោមអ្នកចូលរួមផ្សេងទៀត។
លោក សាន្តតារ៉ា បានមានប្រសាសន៍ថា ខេត្តព្រះវិហារបានចូលរួមធ្វើកសិកម្មតាមកិច្ចសន្យាតាំងពីឆ្នាំ ២០១៤ ដោយមានការសហការពីសហករណ៍កសិកម្ម និងក្រុមហ៊ុនអេមរុរ៉ាយស៍ ក្រោមការត្រួតពិនិត្យរបស់មន្ទីរកសិកម្មខេត្តព្រះវិហារ ដើម្បីគាំទ្រដល់ការធ្វើពាណិជ្ជកម្មអង្ករកម្ពុជា។
លោកបានបន្ថែមថា “ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាវេទិកាសម្រាប់ការចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងឱកាសលើការអនុវត្តផលិតកម្មស្រូវ និងដំឡូងមីសរីរាង្គ ដែលបានចុះកិច្ចសន្យា ហើយផ្តល់ឱកាសសម្រាប់អ្នកចូលរួមទាំងអស់ក្នុងការជួបមុខគ្នាដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត អ្នកផ្គត់ផ្គង់ និងអ្នកទិញ (អ្នកនាំចេញ) អ្នកផ្គត់ផ្គង់ទិន្នផលកសិកម្ម និងសេវាកម្មកសិកម្ម ក៏ដូចជាដៃគូអភិវឌ្ឍន៍កសិកម្ម។
លោក សាន្តតារ៉ា ក៏បានជំរុញឱ្យក្រុមហ៊ុនទាំងពីរ ក្នុងនាមជាអ្នកទិញ និងកសិករ ជាអ្នកផលិត ត្រូវមានភាពស្មោះត្រង់ចំពោះគ្នា និងគោរពតាមលក្ខខណ្ឌនៃកិច្ចសន្យា ក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យាឱ្យមានប្រសិទ្ធភាព និងចីរភាព។
លោក សុង សារ៉ន បាននិយាយថា កេរ្តិ៍ឈ្មោះអង្កររបស់ខេត្តព្រះវិហារគឺល្បីនៅក្រៅប្រទេស ដូច្នេះហើយតម្រូវការអង្ករកំពុងកើនឡើង ជាពិសេសទីផ្សារអង្ករនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ រហូតមកដល់ពេលនេះ កម្ពុជាបាននាំចេញអង្ករទៅកាន់បរទេស ជិត៣០ប្រទេស នៅលើពិភពលោក។
លោក សារ៉ន បាននិយាយថា “យើងជឿថាមធ្យោបាយតែមួយគត់ដើម្បីសុខភាពដី និងជីជាតិយូរអង្វែងដែលនាំទៅដល់ដំណាំប្រកបដោយចីរភាព និងគុណភាពខ្ពស់គឺតាមរយៈវិធីសាស្រ្តកសិកម្មសរីរាង្គ និងមិនប៉ះពាល់ដល់បរិស្ថាន។ ការអនុវត្តទាំងនេះធានាថាកសិករអាចទទួលបានទិន្នផលខ្ពស់ក្នុងរដូវប្រមូលផល»។
លោក ពឹង ទ្រីដា បានឲ្យដឹងថា នៅឆ្នាំ២០២៤ ខេត្តព្រះវិហារ គ្រោងធ្វើកសិកម្មតាមកិច្ចសន្យាលើកសិផលកសិកម្មសរីរាង្គ ដើម្បីផលិតឱ្យបាន ៤៣,៨០០តោន ក្នុងនោះ អង្ករសរីរាង្គ ១៨,៧៦០តោន ដំឡូងមីសរីរាង្គ ២៥,០០០តោន ស្វាយចន្ទីសរីរាង្គ ២០០តោន សណ្តែកដីសរីរាង្គ១០តោន និងល្ងសរីរាង្គ១តោន ដោយមានជំនួយពីសហគមន៍កសិកម្មចំនួន ៣៧ និងក្រុមហ៊ុនដៃគូទាំងអស់។
លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីការបន្តការប្តេជ្ញាចិត្តចំពោះស្ថិរភាពទីផ្សារសម្រាប់កសិករប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការរួមបញ្ចូលស្តង់ដារសរីរាង្គថ្មីលើអង្ករ និងដំឡូងមីសរីរាង្គ ដែលទាមទារការប្តេជ្ញាចិត្តខ្ពស់ពីកសិករដើម្បីទទួលបានការបញ្ជាក់សរីរាង្គស្របតាមស្តង់ដារអឺរ៉ុប និងសហរដ្ឋអាមេរិកពីអង្គការបញ្ជាក់វិញ្ញាបនបត្រសរីរាង្គ ECOCERT។