អ្នកស្រី ចាប ថន រស់នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងប្រមូលផល ដំឡូងមីបណ្ដើរៗ ហើយតម្លៃវិញដំឡូងស្ងួតលក់បានមួយគីឡូក្រាម ៨០០ទៅ៩០០រៀល។
មានដីបន្ដិចបន្ដួចសម្រាប់ដាំដំឡូងមី គួបផ្សំនឹងដំណាំផ្សេងទៀត អ្នកស្រី ចាប ថន មានវ័យ៣៨ឆ្នាំ កំពុងប្រមូលផលដំឡូងមី ជាបណ្ដើរ ដោយដក និងយកមកកាប់ហាលឲ្យស្ងួតសិន ទើបលក់ទៅឈ្មួញកណ្ដាលបន្ត។ ស្រ្តីរូបនេះ បានបង្ហាញថា មានដីនៅទួលបន្ដិច ដោយដាំមិនច្រើនទេ។ ក្រៅពីនោះ អ្នកស្រីនិងប្ដី ដើរស៊ីឈ្នួលគេ ចំណែកកូនៗ នៅពេលទំនេរពីរៀន ក៏ស៊ីឈ្នួលគេដែរ។
ពលរដ្ឋភូមិបឹងមាលារូបនេះប្រាប់ថា គ្រួសារអ្នកស្រីមិនដែលចំណាកស្រុកទៅប្រទេសក្រៅទេ ព្រោះធ្លាប់ឃើញអ្នកទៅពិបាក ត្រូវថៅកែបោកមិនបើកប្រាក់ឈ្នួលឲ្យ។ អ្នកស្រី ចាប ថន អះអាងថា
មិនដែលបានចំណាកស្រុកទេ នៅតែស្រុក រកជុំវិញភូមិ ចំណែក កូនស៊ីឈ្នួលគេខ្លះ អ្នកស្រីលក់ដូរបន្ដិចបន្ដួចបានលុយយកឲ្យកូនទៅរៀន។
នៅរដូវប្រមូលផលនេះ តាមមុខផ្ទះអ្នកភូមិឯទៀតនៅស្រុកស្វាយលើ ពួកគេមមាញឹកក្នុងការ កាប់ដំឡូងមីហាលរៀងៗខ្លួន។ ពលរដ្ឋខ្លះលក់ឲ្យឈ្មួញដែលមកទិញដល់ផ្ទះ ខ្លះទៀត ដឹកយកទៅលក់ នៅតាមស្ដង់ប្រមូលទិញដំឡូងមី៕