កាលពីថ្ងៃសុក្រ ក្រសួងពាណិជ្ជកម្មបានបើកកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយក្រុមហ៊ុននាំចូលអង្ករឈានមុខរបស់ជប៉ុនចំនួនបី ដោយផ្តោតលើការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចពិភាក្សានៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹងវត្តមានរបស់កម្ពុជានៅក្នុងទីផ្សារអង្កររបស់ប្រទេសជប៉ុន នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃអាទិត្យ។
ក្នុងជំនួបនោះ លោក សំហេង បូរ៉ា រដ្ឋលេខាធិការបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការពង្រីកការនាំចេញកសិផល តាមរយៈក្រុមការងារជំរុញការនាំចេញ។
លោកបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់អង្ករកម្ពុជាឱ្យស្របតាមស្តង់ដារគុណភាពអន្តរជាតិ និងបានគូសបញ្ជាក់ពីចក្ខុវិស័យដ៏ទូលំទូលាយក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។
ប្រភពដដែលបានអោយដឹងថា “ជាការឆ្លើយតប ក្រុមហ៊ុនជប៉ុនបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងទៅលើវិស័យស្រូវអង្កររបស់កម្ពុជា ដោយទទួលស្គាល់សក្តានុពល និងបង្ហាញពីសុទិដ្ឋិនិយមក្នុងការបញ្ចូលអង្ករកម្ពុជាទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។
ភាគីទាំងពីរបានបញ្ចប់ការពិភាក្សាដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការផ្សព្វផ្សាយអង្ករកម្ពុជានៅប្រទេសជប៉ុន និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។
គួររំលឹកផងដែរថា ក្រុមហ៊ុននាំចូលអង្ករឈានមុខគេទាំងបីរបស់ប្រទេសជប៉ុនមានចំណែកទីផ្សារចំនួន៨០ ភាគរយនៃប្រទេសជប៉ុន រួមទាំងសាជីវកម្ម ITOCHU ដែលជាក្រុមហ៊ុននាំចូលអង្ករធំជាងគេរបស់ប្រទេសនេះ។
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនបានកើនឡើងដល់ ១.៤ ពាន់លានដុល្លារចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ កើនឡើង ២០.១ ភាគរយបើធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ក្នុងចំណោមទំហំពាណិជ្ជកម្មសរុប ការនាំចូលរបស់កម្ពុជាពីប្រទេសជប៉ុនមានចំនួន ៧៥២,៥៦ ពាន់លានដុល្លារ កើនឡើង ១៩,៨ ភាគរយធៀបនឹងឆ្នាំ ២០២៣។
និយាយទៅកាន់កាសែតខ្មែរថាមស៍ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងពីវត្តមានដ៏រឹងមាំរបស់កម្ពុជា ក្នុងការនាំចេញកសិផលក្នុងតំបន់ ដោយកត់សម្គាល់ថា កម្ពុជាបានផ្គត់ផ្គង់កសិផលជាបន្តបន្ទាប់ រួមមានអង្ករ ដំឡូងមី ពោត និងកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះដែរ លោកបានគូសបញ្ជាក់ថា ទម្រង់ការនាំចូលរបស់កម្ពុជាគឺគ្របដណ្ដប់ដោយទំនិញប្រើប្រាស់ អាហារ និងភេសជ្ជៈ និងសម្ភារសំណង់។ ការនាំចូលទាំងនេះមានសារសំខាន់ក្នុងការបំពេញតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងកើនឡើង ព្រមទាំងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបន្ត។
“ទោះបីជាកម្ពុជាបានបោះជំហានទៅមុខក្នុងការកែច្នៃទំនិញប្រើប្រាស់មួយចំនួននៅក្នុងស្រុកក៏ដោយ ក៏សមត្ថភាពផលិតរបស់យើងនៅតែមានកម្រិត ដែលនេះនាំឱ្យមានការពឹងផ្អែកខ្លាំងលើការនាំចូល ជាពិសេសពីប្រទេសជិតខាង»។
លោកបានទទួលស្គាល់បញ្ហាប្រឈមចំពោះសេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅពេលនិយាយដល់តុល្យភាពពាណិជ្ជកម្ម និងកាត់បន្ថយការពឹងផ្អែកលើផលិតផលបរទេស។
ដោយមើលឃើញពីបញ្ហាប្រឈមទាំងនេះ លោកបានជំរុញឱ្យអ្នកវិនិយោគបរទេសពិចារណាពីឱកាសនៅក្នុងឧស្សាហកម្មកែច្នៃរបស់កម្ពុជា ដែលអាចលើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុករបស់កម្ពុជា។ តាមរយៈការវិនិយោគលើវិស័យនេះ កម្ពុជាមិនត្រឹមតែកាត់បន្ថយការពឹងផ្អែកលើការនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់គុណភាពទំនិញដែលផលិតក្នុងស្រុកផងដែរ។
លោកបានបន្ថែមថា “យុទ្ធសាស្ត្រនេះនឹងអនុញ្ញាតឱ្យកម្ពុជាប្រកួតប្រជែងកាន់តែប្រសើរជាមួយផលិតផលនាំចូលទីផ្សារក្នុងស្រុក ហើយសំខាន់ជាងនេះទៅទៀត វានឹងជំរុញសក្តានុពលនាំចេញរបស់យើង បង្កើតឱកាសកាន់តែច្រើនសម្រាប់កំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្ម”។
លោកបានសង្កត់ធ្ងន់ថា ការពង្រឹងឧស្សាហកម្មក្នុងស្រុក និងការលើកកម្ពស់គុណភាពផលិតផលកម្ពុជា គឺជាកត្តាសំខាន់សម្រាប់ធានានិរន្តរភាពសេដ្ឋកិច្ចរយៈពេលវែង និងបង្កើនការប្រកួតប្រជែងរបស់ប្រទេសនៅក្នុងទីផ្សារពិភពលោក។