លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរួមគ្នាសហការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍នៅលើឆាកអន្តរជាតិ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរក្នុងតំបន់ និងពិភពលោកមកលេងកម្សាន្តតំបន់ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា។
ក្នុងពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ នៅទីស្ដីការក្រសួងព័ត៌មាន កាលពីម្សិលមិញ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់សម្រាប់ផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ទៅកាន់ពិភពលោក ដែលធ្វើឱ្យបណ្ដាប្រទេសនានាស្គាល់កម្ពុជាកាន់តែច្បាស់ និងមកលេងនៅកម្ពុជា។
លោកបន្ថែមថា ភ្ញៀវទេសចរអន្តរជាតិ នៅពេលទៅលេងនៅតាមតំបន់នានានៅលើពិភពលោកតែងមើលព័ត៌មានពីសក្ដានុពលតំបន់ទេសចរណ៍ក្នុងប្រទេសទាំងនោះ រួមទាំងព័ត៌មានផ្នែកសន្តិសុខ សុវត្ថិភាព ផាសុកភាព ដែលគួរឱ្យទាក់ទាញសម្រាប់ពួកគេ ដូច្នេះបើព័ត៌មានផ្សព្វផ្សាយវិជ្ជមានច្រើនពីប្រទេសនោះ ពួកគេតែងនាំគ្នាមកលេងកម្សាន្ត ប៉ុន្តែបើព័ត៌មានដែលផ្សព្វផ្សាយមិនល្អច្រើន ពួកគេនឹងគិតពិចារណ៍សារជាថ្មី។
លោកបញ្ជាក់ថា ការចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ប៉ុន្តែព័ត៌មានក្លែងក្លាយនៅតែបន្តកើនឡើងនៅក្នុងឆ្នាំ២០២៤ ដែលជាការព្រួយបារម្ភនាពេលបច្ចុប្បន្ន។ ក្នុងឆ្នាំ២០២៣ ព័ត៌មានក្លែងក្លាយមាន ៣,២០៨ បានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដែលក្នុងខែនីមួយៗមានចន្លោះ២០០ ទៅ ៣០០ ព័ត៌មានក្នុងមួយខែ។
លោកអះអាងថា ក្នុងឆ្នាំ២០២៤ ព័ត៌មានក្លែងក្លាយមាន ៣,៦៥១ ដែលកើនឡើងជាង ៤០០ករណី បើប្រៀបនឹងឆ្នាំ២០២៣ ដែលបានផ្សាយមិនពិតពាក់ព័ន្ធនឹងបញ្ហានយោបាយ សន្តិសុខជាតិ សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។
លោក នេត្រ ភក្ត្រា បន្ថែមថា ព័ត៌មានក្លែងក្លាយរួមមាន ព័ត៌មានបំភ្លៃ ព័ត៌មានក្លែងក្លាយ និងព័ត៌មានភាន់ច្រឡំ។ ព័ត៌មានបំភ្លៃ និងក្លែងក្លាយ កើតឡើងក្នុងគោលបំណងមិនល្អពីក្រុម MMO ដែលចង់បានការ like និង share លើបណ្តាញសង្គមដែលទាំងពីរនេះ គឺជារឿងគួរឱ្យព្រួយបារម្ភបំផុត។ ចំពោះព័ត៌មានភាន់ច្រឡំ គឺកើតឡើងដោយកំហុសអចេតនា។
រដ្ឋមន្ត្រីបន្ថែមថា អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា ពិតជាដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតលើវិស័យទេសចរណ៍កម្ពុជា ដើម្បីអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនា និងជួយឱ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនទៀត។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា ការផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍នៅកម្ពុជា ត្រូវការចូលរួមពីគ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ ក្រោមជាតិ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស គឺមានន័យថា «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងព័ត៌មានក្លែងក្លាយ។ ទេចចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។
លោកបន្ថែមថា ក្រសួងទេចរណ៍ មានចក្ខុវិស័យច្បាស់លាស់ក្នុងការប្រែក្លាយរដូវកាលទេសចរណ៍ពី Low-Season ឱ្យមក Green Season ដើម្បីទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាលទាំងអស់មកទស្សនាប្រទេសកម្ពុជាដោយប្រកាន់ភ្ជាប់ស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការទទួលខុស។
លោកបន្តថា ក្រសួងក៏មានគោលនយោបាយជំរុញអភិវឌ្ឍតំបន់ ក៏ដូចជាគោលដៅទេសចរណ៍សំខាន់ៗ នៅក្នុងប្រទេសមានដូចជា គោលដៅទេសចរណ៍សៀមរាបអង្គរ គោលដៅទេសចរណ៍តំបន់ឆ្នេរ និងគោលដៅទេសចរណ៍ភូមិភាគឦសាន ដែលជាតំបន់អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងរបស់កម្ពុជា។
លោក ហួត ហាក់ បញ្ជាក់ថា៖ «បច្ចុប្បន្នការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាសំខាន់ដែលក្រសួងទេសចរណ៍ តែងយកចិត្តទុកដាក់ជំរុញ និងអភិវឌ្ឍទាំងធនធានមនុស្ស ទាំងមូលធនមនុស្សនៅក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យពួកគាត់មានចំណេះដឹង ជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បឆ្លើយតបនឹងតម្រូវការទីផ្សារទេសចរណ៍ ក៏ដូចជាតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប្រទេសរបស់យើង»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវអ្នកសារព័ត៌មាន ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍នៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ និងពិភពលោកឱ្យបានច្រើន ដើម្បីភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្ត និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ផ្អែកតាមរបាយការណ៍បឋមស្ដីពីស្ថិតិទេសចរណ៍ របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ភ្ញៀវទេសចរអន្តរជាតិមាន ៦,៧០លាននាក់ បានកើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩។ កំណើនភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០២៤ មានការកើនឡើងហួសពីការរំពឹងទុករបស់រដ្ឋាភិបាលកម្ពុជា។ បើតាមការព្យាករក្នុងឆ្នាំ២០២៥ ភ្ញៀវទេសចរអន្តរជាតិ នឹងកើនឡើងក្នុងរង្វង់ ៧លាននាក់៕