កសិករ លោក យង់ លី បានចាប់ផ្តើមប្រមូលផលត្រសក់ផ្អែម និងឪឡឹកលឿង ដែលដាំក្នុងសហគមន៍ ស្ថិតនៅភូមិត្រពាំងថ្នល់ និងភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចុះពិនិត្យមើលការប្រមូលផលត្រសក់ផ្អែម និងឪឡឹកលឿងរបស់លោក យង់ លី ជាសមាជិកបណ្តុំអាជីកម្មបន្លែសុវត្ថិភាពតាត្រាវត្រពាំងថ្នល់ជោគជ័យស្រ្តីសាមគ្គី ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្នល់ និងភូមិតាត្រាវឃុំកន្រ្ទាំង។
តាមការចុះផ្សាយរបស់គម្រោងអាស្ពា កសិករ យង់ លី ប្រមូលផលត្រសក់ផ្អែមលើកទី១ បានចំនួន ១២០គីឡូ លក់ក្នុងតម្លៃ ៣,៥០០៛/គីឡូ និងប្រមូលផលឪឡឹកលឿងលើកទី១ ដែលបានដាំលើផ្ទៃដី ៥០០ម៉ែត្រការ៉េ បានចំនួន២៥០គីឡូ ក្នុងតម្លៃ ២,០០០៛/គីឡូ។ កសិកររូបនេះ បេះលក់ឱ្យសហគមន៍ត្រសក់ផ្អែមសៀមរាបមានជ័យ ដោយឈ្មួញអ្នកប្រមូលទិញមកទទួលទិញដល់ផ្ទះ។ ចំពោះទិន្នផលឪឡឹកលឿង និងត្រសក់ផ្អែមខាងលើ អាចនឹងប្រមូលផលបង្ហើយនៅសប្តាហ៍ក្រោយ ឬចុងខែនេះ៕