អង្គការ WWF- Cambodia នាពេលថ្មីៗនេះ បានសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ រវាងកសិករដាំកាកាវក្នុងស្រុក មកពីខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដែលលាតសន្ធឹងលើស្រុកចំនួនបី គឺស្រុកវើនសៃ ស្រុកអូរយ៉ាដាវ និងស្រុកអូរជុំ។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមចំនួន៣០នាក់ រួមមានកសិករដាំកាកាវ មន្ត្រីមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ត និងអនុប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃក្រសួងបរិស្ថាន នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ WWF-Cambodia ដែលបានចេញផ្សាយកាលពីម្សិលមិញ។
សេចក្តីប្រកាសព័ត៌មាន បានចង្អុលបង្ហាញថា ដំណើរទស្សនកិច្ចនេះ ដែលគាំទ្រនិងផ្តល់មូលនិធិពី IKI តាមរយៈ WWF ប្រទេសអាល្លឺម៉ង់ បានផ្តល់វេទិកាមួយសម្រាប់កសិករដើម្បីពិភាក្សាអំពីបច្ចេកទេសដាំដុះ ការគ្រប់គ្រងសត្វល្អិត និងដំណើរការក្រោយការប្រមូលផល។
ប្រភពបាននិយាយថា ការផ្លាស់ប្តូរទស្សនកិច្ចនេះបានជួយសម្រួលដល់ការកសាងទំនាក់ទំនង ការគាំទ្រគ្នាទៅវិញទៅមក និងការបង្កើនចំណេះដឹង និងជំនាញនៅក្នុងឧស្សាហកម្មដាំដុះដំណាំកាកាវសម្រាប់អ្នកចូលរួម ដែលពាក់ព័ន្ធទាំងអស់។ ប្រភពបន្ថែមថា ការទទួលបានព័ត៌មាន ទីផ្សារ និងគោលនយោបាយគាំទ្រនៅតែមានសារៈសំខាន់សម្រាប់ភាពជោគជ័យរបស់កសិករ។
AKP