សមាគមអតីតយុទ្ធជនកម្ពុជានិងអង្គការអតីតយុទ្ធជនសង្គ្រាមថៃបានចុះអនុស្សារណៈយោគយល់គ្នា (MoU) លើការពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរកាន់តែរឹងមាំ ដើម្បីជួយអភិវឌ្ឍជីវភាពអតីតយុទ្ធជនកាន់តែប្រសើរ ជាពិសេសការផ្តល់អវយវសិប្បនិម្មិតដល់ពួកគាត់។
អនុស្សរណៈយោគយល់គ្នានេះបានចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាជាមួយនឹងនាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ (Detnitit Luangngamkum) អគ្គនាយកអង្គការអតីតយុទ្ធជនសង្រ្គាមរបស់ប្រទេសថៃ ដែលពិធីចុះអនុស្សារណៈយោគយល់រវាងប្រទេសទាំងពីរប្រារព្ធធ្វើនៅភ្នំពេញកាលពីថ្ងៃពុធ។
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមអតីតយុទ្ធជនកម្ពុជានិងអង្គការអតីតយុទ្ធជនសង្គ្រាមថៃកើតមានក្នុងពេលដែលនាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ អគ្គនាយកអង្គការអតីតយុទ្ធជនសង្រ្គាមប្រទេសថៃដឹកនាំសហការីមកបំពេញទស្សនកិច្ចនៅកម្ពុជា។
នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ថា កម្ពុជានិងថៃ ជាប្រទេសភូមិផងរបងជាប់គ្នា ជាមិត្ត ជាបងប្អូន និងធ្លាប់មានប្រវត្តិតស៊ូរួមគ្នា ដើម្បីបុព្វហេតុរំដោះប្រទេសជាតិ ដណ្តើមឯករាជ្យ សេរីភាព និងអធិបតេយ្យភាពពីអាណានិគមនិយមនិងចក្រពត្តិនិយម។
លោកបន្តថា សព្វថ្ងៃប្រទេសទាំងពីរបានទទួលសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ចំណែកប្រជាជនប្រទេសទាំងពីរ ជាពិសេសប្រជាជនដែលនៅខេត្តជាប់ព្រំដែនបានប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ទៅវិញទៅមកដោយរីករាយ។
លោកបន្ថែមថា សមិទ្ធផលទាំងនេះដោយសារតែមានកិច្ចសហប្រតិបត្តិការល្អនិងការរក្សាបាននូវចំណងមិត្តភាពជាប្រពៃណីនិងជាយុទ្ធសាស្ត្រ។ លោករំពឹងថា ការចុះអនុស្សារណៈយោគយល់គ្នារវាងសមាគមទាំងពីរលើកិច្ចសហប្រតិបត្តិការថ្មីនេះនឹងបានទទួលលទ្ធផលជោគជ័យ ដើម្បីការអភិវឌ្ឍជូនអតីតយុទ្ធជនកាន់តែមានជីវភាពប្រសើឡើង។
លោកបានបញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់គ្នារវាងសមាគមអតីតយុទ្ធជនកម្ពុជានិងអង្គការអតីតយុទ្ធជនសង្គ្រាមថៃមានគោលបំណងពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរកាន់តែរឹងមាំ ស៊ីជម្រៅ និងធ្វើការយ៉ាងជិតស្និតជាមួយគ្នាប្រកបដោយការទទួលខុសត្រូវរួមគ្នាសម្រេចសមិទ្ធផលថ្មីទៀតលើវិស័យអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្រ្គាម ព្រមទាំងបន្តសកម្មភាពជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដើម្បីជាការតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានពុះពារជម្នះគ្រប់ឧបសគ្គក្នុងបុព្វហេតុជាតិនិងប្រជាជនមានសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ ក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា អនុស្សារណៈយោគយល់គ្នារវាងអង្គការអតីតយុទ្ធជនសង្គ្រាមថៃនិងសមាគមអតីតយុទ្ធជនកម្ពុជា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួត ស៊ីជម្រៅ និងមានប្រសិទ្ធិភាពខ្ពស់ ដើម្បីរួមចំណែកពង្រឹងនិងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី អ្នកជិតខាងដ៏ល្អ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែងរវាងប្រទេសទាំងពីរ។
នៅថ្ងៃជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ ក៏បានចូលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាផងដែរ។ ក្នុងជំនួបនោះនាយឧត្តមសេនីយ៍ ដេតនិធិត លឿងងាមខាំ បានថ្លែងថា កន្លងមកលោកធ្លាប់បានជួបពិភាក្សាផ្លាស់ប្តូរបទពិសោធជាមួយសមាគមអតីតយុទ្ធជនកម្ពុជា ហ្វីលីពីន វៀតណាម។
លោកបញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជានិងអង្គការអតីតយុទ្ធជនសង្គ្រាមថៃមានគោលបំណងដូចគ្នា គឺ ការមើលថែរក្សាអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនដែលបានបាត់បង់ប្ដី ប្រពន្ធ ឬកូនជាទីស្រឡាញ់របស់ពួកគាត់។
អង្គការអតីតយុទ្ធជនសង្គ្រាមថៃបានគោរពអញ្ជើញអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនកម្ពុជាដែលមានពិការភាពជើងប្រមាណ៥០នាក់ទៅកាន់ប្រទេសថៃ ដើម្បីធ្វើជើងសិប្បនិម្មិតជូនដល់ពួកគាត់ ដែលកម្មវិធីនេះរៀបចំធ្វើនៅខេត្តបូរីរាំ ប្រទេសថៃ នៅខែមេសា ឆ្នាំ២០២៥ ខាងមុខ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានឆ្លើយតបសេចក្ដីរីករាយចំពោះអង្គការអតីតយុទ្ធជនសង្គ្រាមថ ដែលតែងតែយកចិត្តទុកដាក់ចំពោះសមាគមអតីតយុទ្ធជនកម្ពុជា។ លោកបានបញ្ជាក់ថា កន្លងមកនេះអតីតយុទ្ធជនកម្ពុជាបានទទួលការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលរបស់ខ្លួនដោយបានផ្តល់ដីសម្បទានសង្គមកិច្ច ហើយបានកសាងផ្ទះ និងបានផ្ដល់សម្ភារៈចាំបាច់ប្រើប្រាស់មួយចំនួនទៀតដល់ពួកគេ៕