ខណៈដែលថាមពលស្អាតផ្តល់ឱកាសដ៏មានសក្តានុពលជាច្រើន អ្នកជំនាញបានអោយដឹងថា កម្ពុជាមានសម្ថភាពក្នុងការក្លាយជាអ្នកដឹកនាំនៃផលិតកម្មថាមពលបៃតង។
អ្នកជំនាញបានបន្តថា ការធ្លាក់ចុះនៃការលក់បន្ទះស្រូបពន្លឺព្រះអាទិត្យកាលពីឆ្នាំមុនមិនមែនជាមូលហេតុចម្បងនៃកង្វល់នោះទេព្រោះ ការអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិកសម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យត្រូវបានផុតកំណត់។
ការនាំចេញបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់កម្ពុជាបានធ្លាក់ចុះជិត៦០ ភាគរយមកនៅត្រឹមប្រហែល៨៣០ លានដុល្លារក្នុងឆ្នាំ២០២៤ ពីជាង២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ការផលិតថាមពលបៃតង មានដូចជា ពន្លឺព្រះអាទិត្យ អាគុយ ទោចក្រយានយន្តអគ្គិសនី ទួរប៊ីនខ្យល់ និងផលិតផលផ្សេងទៀតទាំងអស់ដែលរួមចំណែកដល់ការលើកកម្ពស់ថាមពលកកើតឡើងវិញ។
និយាយទៅកាន់កាសែតខ្មែរថាមស៍ លោក Akshay Pattumuri Venugopal អ្នកជំនាញផ្នែកវិស្វកម្មអគ្គិសនី និងអ្នកប្រឹក្សាបច្ចេកទេសដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា កម្ពុជាមានសក្តានុពលក្នុងការក្លាយជាតួអង្គលេចធ្លោនៅក្នុងវិស័យផលិតកម្មថាមពលបៃតងអន្តរជាតិ។
“ជាមួយនឹងធនធានពន្លឺព្រះអាទិត្យដ៏សម្បូរបែប ទីតាំងភូមិសាស្រ្តយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើន កម្ពុជាអាចទាញយកប្រយោជន៍ពីតម្រូវការដែលកំពុងកើនឡើងសម្រាប់ដំណោះស្រាយថាមពលកកើតឡើងវិញ” ។
លោកបានគូសបញ្ជាក់ពីកត្តាចំនួនបួនដែលអាចបម្រើផលប្រយោជន៍ពិសេសសម្រាប់ប្រទេសកម្ពុជាក្នុងវិស័យនេះ រួមមាន ថាមពលពន្លឺព្រះអាទិត្យច្រើន ទីតាំងយុទ្ធសាស្ត្រ កំណើនសេដ្ឋកិច្ច និងការគាំទ្រពីរដ្ឋាភិបាល។ “កម្ពុជាទទួលពន្លឺព្រះអាទិត្យច្រើនពេញមួយឆ្នាំ ដែលធ្វើឱ្យប្រទេសនេះក្លាយជាទីតាំងដ៏ល្អសម្រាប់ការផលិតបន្ទះសូឡា។ អត្ថប្រយោជន៍ធនធានធម្មជាតិនេះអាចកាត់បន្ថយថ្លៃដើមផលិតកម្មយ៉ាងច្រើន និងលើកកម្ពស់ការប្រកួតប្រជែងនៃផលិតផលពន្លឺព្រះអាទិត្យដែលផលិតនៅប្រទេសកម្ពុជា។
“កម្ពុជាផ្តល់នូវការតភ្ជាប់ដ៏ល្អទៅកាន់ទីផ្សារធំៗក្នុងតំបន់ រួមទាំងប្រទេសចិន ឥណ្ឌា និងបណ្តាប្រទេសអាស៊ានដទៃទៀត។ ទីតាំងយុទ្ធសាស្ត្រនេះជួយសម្រួលដល់ពាណិជ្ជកម្ម និងភស្តុភារកម្ម ធ្វើឱ្យការចែកចាយផលិតផលថាមពលបៃតងប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ»។
ចំពោះវិស័យសេដ្ឋកិច្ច លោកបានបន្ថែមថា សេដ្ឋកិច្ចរបស់កម្ពុជាបាននិងកំពុងមានការរីកចម្រើនជាលំដាប់ ដោយបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍ក្នុងវិស័យថាមពលកកើតឡើងវិញ។
“កំណើនសេដ្ឋកិច្ចនេះផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គាំទ្រដល់ការបង្កើត និងការពង្រីកឧស្សាហកម្មផលិតថាមពលបៃតង។ រដ្ឋាភិបាលកម្ពុជាបានបង្ហាញពីចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងការលើកកម្ពស់ថាមពលកកើតឡើងវិញ ដែលអាចនាំអោយមានគោលនយោបាយគាំទ្រ ការលើកទឹកចិត្ត និងជំនួយហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនផលិតថាមពលបៃតង។
លោកបានចង្អុលបង្ហាញថា កម្ពុជាត្រូវតែផ្តោតលើការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ ទួរប៊ីនខ្យល់ ផលិតផលជីវថាមពល និងប្រព័ន្ធផ្ទុកថាមពល។
ទោះជាយ៉ាងណា លោកបានបន្ថែមថា អ្វីៗមិនរលូននោះទេ ព្រោះមានបញ្ហាប្រឈមច្រើន។ “កម្លាំងពលកម្មជំនាញមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ កង្វះអ្នកជំនាញខាងបច្ចេកវិទ្យា និងលទ្ធភាពទទួលបានហិរញ្ញវត្ថុមានកម្រិតអាចក្លាយជាឧបសគ្គរបស់កម្ពុជាក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតថាមពលបៃតង”។
លោកបានបន្ថែមថា យុទ្ធសាស្ត្រជាតិគ្រប់ជ្រុងជ្រោយ រួមជាមួយនឹងភាពជាដៃគូរវាងរដ្ឋ និងឯកជនអាចដោះស្រាយបញ្ហាទាំងនេះបានមួយកម្រិតធំ។
អត្ថបទរបស់សេដ្ឋវិទូ Chun Yu Yang ដែលចុះផ្សាយក្នុងកាសែត South China Morning Post បានអោយដឹងថា កម្ពុជាមានគុណសម្បត្តិជាច្រើនដែលនឹងគាំទ្រដល់ការបន្តអភិវឌ្ឍន៍ឧស្សាហកម្មកកើតឡើងវិញរបស់ខ្លួន។
“តម្លៃពលកម្មទាបរបស់កម្ពុជានៅតែជាប្រភពប្រកួតប្រជែងដ៏សំខាន់សម្រាប់វិស័យផលិតកម្ម។ លើសពីនេះ កម្រិតខ្ពស់នៃដុល្លារូបនីយកម្មកាត់បន្ថយហានិភ័យនៃតម្លៃរូបិយប័ណ្ណសម្រាប់អ្នកវិនិយោគបរទេស។ ខណៈដែលគោលនយោបាយគ្រប់គ្រងដើមទុននៅមានកម្រិត អ្នកវិនិយោគបរទេសអាចចរាចរប្រាក់របស់ពួកគេនៅក្នុង និងក្រៅប្រទេសដោយសេរី ដែលនេះជួយជំរុញបង្កើនទំនុកចិត្តលើសេដ្ឋកិច្ច។
“រដ្ឋាភិបាលក៏កំពុងសម្រួលបទប្បញ្ញត្តិ ធ្វើអោយប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងលើកទឹកចិត្តក្នុងការវិនិយោគបន្ថែមទៀត ដូចជាការបន្ថយពន្ធ និងការលើកលែងពន្ធជាដើម។ វិធានការទាំងនេះមានគោលបំណងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស និងជម្រើសនៃការធ្វើពិពិធកម្មដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមហ៊ុនដែលពិចារណាលើយុទ្ធសាស្រ្ត ‘China+1’ ឬ ‘Thailand +1’ ។
បន្ថែមពីលើនេះ រដ្ឋាភិបាលបានផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ថាមពលរបស់ខ្លួនសម្រាប់ឆ្នាំ ២០២០-២០៤០ ដោយផ្តោតលើការបង្កើនចំណែកថាមពលកកើតឡើងវិញ ការកែលម្អស្ថិរភាពបណ្តាញ និងកាត់បន្ថយថ្លៃដើមថាមពល ដែលអនុញ្ញាតឱ្យកម្ពុជាអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញឱ្យកាន់តែស៊ីជម្រៅ។
ប៉ុន្តែ លោកយល់ឃើញថា ឧស្សាហកម្មបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់កម្ពុជាកំពុងប្រឈមនឹងបញ្ហាពីការផ្គត់ផ្គង់អគ្គិសនីដែលមិនទាន់មានស្ថិតស្ថេរ និងថ្លៃដឹកជញ្ជូនខ្ពស់។ “តម្លៃឯកតានៃការនាំចេញបន្ទះស្រូបពន្លឺព្រះអាទិត្យនៅតែខ្ពស់ជាងប្រទេសចំនួនបីផ្សេងទៀត ដែលឆ្លុះបញ្ចាំងពីតម្រូវការសម្រាប់កម្ពុជាក្នុងការដោះស្រាយបញ្ហារាំងស្ទះផ្នែកហេដ្ឋារចនាសម្ព័ន្ធដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងរក្សាការប្រកួតប្រជែង”។
អ្នកជំនាញថាមពលបៃតង លោកបណ្ឌិត Wu Shun Te បានប្រាប់កាសែតខ្មែរថាមស៍ថា កម្ពុជាត្រូវតែយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការជំរុញផលិតកម្មថាមពលកកើតឡើងវិញក៏ដូចជាការផលិតផលិតផលថាមពលកកើតឡើងវិញផងដែរ។ លោកបានបន្តថា ការទាញយកសក្តានុពលថាមពលកកើតឡើងវិញនៅគ្រប់វិស័យ នឹងផ្តល់នូវស្តង់ដារខ្ពស់សម្រាប់កំណើនប្រកបដោយបរិយាបន្ន។