គ្រឹះស្ថានអប់រំចំនួន ៤០ ក្នុងខេត្តកំពង់ធំ កំពុងដឹកនាំធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយរយៈពេល៥ថ្ងៃ (១០-១៤ កុម្ភៈ) ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង (NCD) នៅកម្ពុជា។
មន្ទីរអប់រំខេត្តកំពង់ធំ សហការជាមួយអង្គការ Helen Keller International ដែលមានមូលដ្ឋានក្នុងខេត្ត កំពុងធ្វើយុទ្ធនាការអប់រំ និងបញ្ជ្រាបការយល់ដឹងអំពីហានិភ័យនៃជំងឺមិនឆ្លងនៅទូទាំងស្ថាប័នអប់រំគោលដៅទាំង ៤០ ក្នុងខេត្ត។ ក្នុងនោះរួមមានសាលាចំនួន១៤ នៅស្រុកតាំងគោក សាលាចំនួន១៣សាលា នៅក្នុងស្រុកសន្ទុក និង សាលាចំនួន១៣ នៅក្នុងស្រុកស្ទោង។
សេចក្តីជូនដំណឹងដែលបានចេញផ្សាយ បានឱ្យដឹងថា យុទ្ធនាការអប់រំនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់ការសម្រេចបាននូវវិធានការសំខាន់ទីបីក្នុងវិស័យអប់រំ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
យុទ្ធនាការនេះមានការចូលរួមពីប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យសុខាភិបាល មកពីរដ្ឋបាលស្រុកទាំងបី។
មន្ត្រីសុខាភិបាលមកពីមណ្ឌលសុខាភិបាលគោលដៅ មេភូមិ គណៈកម្មាធិការសុខាភិបាលឃុំ អ្នកគាំទ្រសុខភាពភូមិ ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សប្រមាណ ១០,៦៨០នាក់ ក៏បានចូលរួមក្នុងយុទ្ធនាការនេះផងដែរ។
សេចក្តីជូនដំណឹងបានបន្តថា យុទ្ធនាការអប់រំដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លងនៅកម្ពុជានៅគ្រឹះស្ថានអប់រំគោលដៅទាំង ៤០ នេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រភេទជំងឺមិនឆ្លង និងកត្តាហានិភ័យសំខាន់ៗចំនួន ៤ ដែលពាក់ព័ន្ធរួមមាន ទម្លាប់ទទួលទានអាហារប្រៃ ផ្អែម និងខ្លាញ់ច្រើនពេក កង្វះលំហាត់ប្រាណឬសកម្មភាពរាងកាយ ការប្រើប្រាស់គ្រឿងស្រវឹង និងការជក់បារី”។
យុទ្ធនាការនេះក៏ផ្តល់ការណែនាំអំពីរបៀបការពារជំងឺមិនឆ្លងតាមរយៈការលើកកម្ពស់ទម្លាប់ដែលមានសុខភាពល្អ ដូចជាការបរិភោគអាហារដែលមានជីវជាតិដែលមានជាតិស្ករ អំបិល និងជាតិខ្លាញ់ទាប ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីជាប្រចាំ កាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងការឈប់ជក់បារី។
លើសពីនេះ យុទ្ធនាការនេះក៏ផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋដែលចូលរួមដោយមន្ត្រីមកពីមណ្ឌលសុខភាព ក៏ដូចជាកម្មវិធីហាត់ប្រាណរយៈពេល៣០នាទីសម្រាប់លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលផងដែរ។