អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានមើលឃើញពីកំណើននៃចំណូលគយកាលពីឆ្នាំមុន ដែលកើនឡើង ១៣,៨ ភាគរយ ដល់ ២,៥៩០ លានដុល្លារ។
តួលេខនេះត្រូវបានចេញផ្សាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីថ្ងៃចន្ទ ដែលដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ។
លោក គុណ ញឹម បានមានប្រសាសន៍ថា ទោះបីជាប្រឈមមុខនឹងបញ្ហាធំៗមួយចំនួនក៏ដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចបាននូវការប្រមូលពន្ធគយ គួរឱ្យកត់សម្គាល់។
លោកបានបន្តថា “នៅក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលគយចំនួន ១០,៥៥២ ពាន់លានរៀល (ប្រមាណ ២,៥៩០ លានដុល្លារ) កើនឡើង ១៣.៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣”។
លោកបានលើកឡើងពីបញ្ហាប្រឈមធំៗមួយចំនួន រួមមានការបង្កើនវិសាលភាព និងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការកើនឡើងនៃផលិតកម្មក្នុងស្រុកជំនួសឱ្យការនាំចូល ការអនុគ្រោះពន្ធ និងអាករកាន់តែទូលំទូលាយដើម្បីទាក់ទាញការវិនិយោគ ការកើនឡើងចំនួនរថយន្តធុនតូច និងរថយន្តអគ្គិសនី និងការបន្តមាននូវសកម្មភាពគេចពន្ធក្នុងរូបភាពថ្មី ប៉ុន្តែស្មុគស្មាញ។
ប្រទេសកម្ពុជាមានស្ថាប័នចំនួនពីរដែលទទួលខុសត្រូវលើការប្រមូលពន្ធ៖ មួយគឺអគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ និងស្ថាប័នមួយទៀតគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
លោកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់ការប្រមូលចំណូលដ៏ខ្លាំងក្លារបស់ពួកគេ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ទោះបីជាមានបញ្ហាប្រឈមនៅក្នុងឆ្នាំកន្លងទៅក៏ដោយ។
លោកបានមានប្រសាសន៍ថា “ការប្រមូលចំណូលរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានសម្រេចបានគួរឱ្យកត់សម្គាល់ បើទោះបីជាប្រឈមមុខនឹងបញ្ហាមួយចំនួន រួមទាំងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកលយឺត សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងអ៊ីស្រាអែល-ហាម៉ាស ដែលកំពុងបន្ត បញ្ហាមជ្ឈិមបូព៌ា និងភាពតានតឹងភូមិសាស្ត្រនយោបាយ” ។
លោក អូន ព័ន្ធមុនីរ័ត្ន បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងនៅតែបន្តគាំទ្រ អគរ ក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
សម្រាប់ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីអាទិភាពនានាក្នុងការកែលម្អការប្រមូលចំណូល និងប្រសិទ្ធភាព រួមមានការប្រមូលចំណូលជាអតិបរមា ការទប់ស្កាត់ការគេចពន្ធ ការពង្រឹងការអនុលោមភាព និងការគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើទំនើបកម្មស្ថាប័ន ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ និងវិស័យឯកជន និងការកែលម្អអភិបាលកិច្ច។
នៅឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលបានចំណូលគយចំនួន ២,២៨៨លានដុល្លារ ដោយសម្រេចបាន ៨២,៤ ភាគរយ នៃផែនការថវិកា។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ការបាត់បង់ចំណូលគយគឺដោយសារការអនុវត្តកតិកាសញ្ញាពាណិជ្ជកម្ម។
ទោះបីជាមានការខាតបង់ចំណូលពន្ធគយពីអត្រាពន្ធអនុគ្រោះក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក៏ដោយ កម្ពុជាបានទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត បង្កើតការងារសម្រាប់ប្រជាជន និងបង្កើនការនាំចេញ ដែលបានរួមចំណែកដល់ចំណូលជាតិ។