លោក Charles Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) កាលពីថ្ងៃច័ន្ទបានជំរុញឱ្យសមាគមទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ផ្សព្វផ្សាយឱ្យបានសកម្មនូវអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅខែកក្កដា។
លោកបានលើកទឹកចិត្តពួកគេឲ្យជួយជំរុញការផ្សព្វផ្សាយ ខិតខំប្រឹងប្រែងរួមគ្នា និងធ្វើការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកទស្សនាប្រទេសកម្ពុជា។
ក្នុងឱកាសដឹកនាំសមាជិកសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ប្រមាណ ២០០នាក់ ក្នុងដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានថ្មី ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល លោក Vann ក៏បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា អះអាងពីការសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ ជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ២០២៥។
លោក Vann បានបន្តថា៖ «នៅខែកក្កដា យើងនឹងត្រៀមខ្លួនរួចរាល់ ក្នុងការបើកសម្ពោធព្រលានយន្តហោះថ្មីនេះជាផ្លូវការ។ អាស្រ័យហេតុនេះ ខ្ញុំសូមសំណូមពរដល់អ្នកទាំងអស់គ្នា សមាជិកនៃ CATA និងប្រតិបតិ្តការទេសចរណ៍ផ្សេងទៀត យកចិត្តទុកដាក់ក្នុងការស្វាគមន៍ភ្ញៀវ និងជួយផ្សព្វផ្សាយពីអាកាសយានដ្ឋានដ៏ធំនេះ»។
លោក Vann មានប្រសាសន៍ថា យើងត្រូវរក្សាភាពជាដៃគូនេះ ដោយសង្កត់ធ្ងន់ថាប្រតិបត្តិករទេសចរណ៍គឺជាដៃគូដ៏សំខាន់ក្នុងការកៀរគរ និងលើកទឹកចិត្តភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជា។
លោកបានបន្តថា “យើងមានការពិភាក្សា និងបានស្វែងយល់ពីគ្នាទៅវិញទៅមក ប៉ុន្តែយើងមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយទេ ហើយយើងត្រូវធ្វើដើម្បីធ្វើឱ្យការងាររបស់យើងទទួលបានជោគជ័យពីសមិទ្ធិផលថ្មីនេះ។ ប្រតិបត្តិករទេសចរណ៍នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្ពុជា។ ជាមួយនឹងការគាំទ្រនេះ យើងមានបំណងចង់ឃើញកំណើនភ្ញៀវទេសចរកាន់តែច្រើនបើធៀបទៅនឹងឆ្នាំមុន ខណៈយើងត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរបន្ថែមទៀតនៅឆ្នាំ២០២៥ និងលើសពីនេះ»។
“ជាមួយនឹងអាកាសយានដ្ឋានធំជាងនេះ យើងនឹងមានលទ្ធភាព និងសមត្ថភាពក្នុងការទទួលយន្តហោះធំៗ ដែលនឹងអាចឱ្យយើងទាក់ទាញទាំងអ្នកទេសចរ និងអ្នកវិនិយោគសំខាន់ៗ”។
គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ កម្រិត 4F របស់កម្ពុជានឹងបើកដំណើរការដំណាក់កាលដំបូងរបស់ខ្លួននៅក្នុងខែកក្កដា ឆ្នាំ២០២៥។ បច្ចុប្បន្ននេះ អាកាសយានដ្ឋានដ៏ធំនេះបានបញ្ចប់ការសាងសង់ជាង៩០ភាគរយហើយ និងចំណាយទឹកប្រាក់ជាង ១,៣ ប៊ីលានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានគេដាក់ឈ្មោះថាជាស្ថាបត្យកម្មដ៏អស្ចារ្យបំផុតទាំង ១១ នៅលើពិភពលោកដោយសារព័ត៌មាន CNN ដែលជាសមិទ្ធិផលដ៏ធំធេងសម្រាប់ប្រទេសជាតិ ខណៈអាកាសយានដ្ឋាននេះនឹងក្លាយជាអាកាសយានដ្ឋានដ៏សំខាន់សម្រាប់អនាគតអាកាសចរណ៍របស់ប្រទេសកម្ពុជា។
អាកាសយានដ្ឋាននេះត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពគួរឱ្យកត់សម្គាល់ ដែលអាចឱ្យអាកាសយានដ្ឋាននេះទទួលអ្នកដំណើរបានកាន់តែច្រើនរហូតដល់ ៦ ដង។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋាន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា CATA ប្ដេជ្ញាចិត្តក្នុងការផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។
លោកស្រីបានបន្តថា “វាជាសមិទ្ធិផលដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា យើងមានអាកាសយានដ្ឋានអន្តរជាតិបច្ចេកវិទ្យាទំនើបដ៏អស្ចារ្យ។ ខ្ញុំមានមោទនភាពក្នុងនាមជាប្រតិបត្តិករទេសចរណ៍ ពីព្រោះអាកាសយានដ្ឋាននេះនឹងនាំមកនូវកិត្យានុភាពដល់ព្រះរាជាណាចក្រកម្ពុជា ហើយយើងអាចយកផលិតផលនេះទៅកាន់ឆាកអន្តរជាតិ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញជើងហោះហើរត្រង់បន្ថែមទៀត»។
លោកស្រី ស៊ីវលីន បានបន្តទៀតថា សមិទ្ធិផលនេះបង្ហាញដល់ភ្ញៀវទេសចរ និងប្រជាជនទូទាំងពិភពលោកថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ការវិនិយោគធំៗ ក៏ដូចជាជើងហោះហើរត្រង់ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដោយមិនមានការរើសអើង។
លោកស្រី ស៊ីវលីន បានបន្ថែមថា “យើងនឹងផ្សព្វផ្សាយអាកាសយានដ្ឋានយន្តហោះថ្មីរបស់យើងនៅឯការតាំងពិព័រណ៍ទេសចរណ៍ធំៗទូទាំងពិភពលោក ជាពិសេសក្នុងខែមីនា នៅពេលដែលយើងមានបេសកកម្មនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ យើងនឹងនាំយករូបថតទៅបង្ហាញដល់អ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករមកពីជុំវិញពិភពលោក ដែលនឹងចូលរួមពិព័រណ៍ទេសចរណ៍នេះក្នុងប្រទេសអាល្លឺម៉ង់»។
លោកស្រីបានបង្ហាញសុទិដ្ឋិនិយមថា នៅពេលដែលអាកាសយានដ្ឋានដ៏ធំនេះដំណើរការជាផ្លូវការ វានឹងទាក់ទាញជើងហោះហើរមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន។
លោកស្រីបានបន្តថា «នៅពេលដែលយើងមានការតភ្ជាប់ការធ្វើដំណើរកាន់តែច្រើនពីប្រទេសធំៗ លំហូរនៃភ្ញៀវទេសចរនឹងកើនឡើង។ នៅពេលនោះ កម្ពុជានឹងកាន់តែរីកចម្រើនតាមរយៈការស្វាគមន៍ភ្ញៀវទេសចរ បង្កើតឱកាសការងារសម្រាប់អ្នកក្នុងស្រុក និងគាំទ្រទាំងអាជីវកម្មទាក់ទងនឹងទេសចរណ៍ដោយផ្ទាល់ និងដោយប្រយោល»។
យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសសរុបចំនួន ៥,៦៥ លាននាក់ ក្នុងឆ្នាំ២០២៤ កើនឡើង ៣៩,៨ ភាគរយ ពី ៤,០៤ លាននាក់ កាលពីឆ្នាំមុន។