ទីផ្សារដំឡូងមីស្រស់របស់កម្ពុជាហាក់ដូចជាកាន់តែមានភាពរឹងមាំ ដែលមានកំណើនគួរឱ្យកត់សម្គាល់ក្នុងការនាំចេញ ដោយកើនឡើងជាង១៦០ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយដោយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃពុធនេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ជាង ២ លានតោនក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដែលជាការកើនឡើងបន្ថែមទៀតជាង១៦០ ភាគរយ។
ការកើនឡើងនេះបង្ហាញពីតម្រូវការដ៏រឹងមាំសម្រាប់ដំឡូងមីស្រស់ ដែលត្រូវបានជំរុញដោយទីផ្សារក្នុងស្រុក និងអន្តរជាតិ។
យោងតាមរបាយការណ៍ “ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៤ ការនាំចេញដំឡូងមីស្រស់មានលើសពី ២ លានតោន កើនឡើង ១៦២.៥៣ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន” ។
ប៉ុន្តែ ការនាំចេញដំឡូងមីស្ងួតមានចំនួនជាង ៨៦០,០០០ តោន ថយចុះ ១២,៥៤ ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ បច្ចុប្បន្នផ្ទៃដីដាំដំឡូងមីក្នុងប្រទេសកម្ពុជាមានប្រមាណ ៧០ ម៉ឺនហិកតា។
ថ្លែងប្រាប់កាសែតខ្មែរថាមស៍ លោក អិល ឈីញ ប្រធានសមាគមកសិករដំឡូងមី (CFA) បានមានប្រសាសន៍ថា ការកើនឡើងនៃការនាំចេញត្រូវបានជំរុញដោយកត្តាពីរគឺកម្រិតផលិតកម្មខ្ពស់ និងតម្រូវការក្នុងស្រុកទាប ដោយសារទីផ្សារដំឡូងមីរបស់កម្ពុជាផ្តោតសំខាន់លើការនាំចេញជាជាងលើការប្រើប្រាស់ក្នុងស្រុក។
លោកបានបន្តថាមានតែពី២០ទៅ៣០ភាគរយនៃការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះដែលភាគរយនៅសេសសល់ត្រូវបាននាំចេញជាចម្បងទៅប្រទេសថៃនិងវៀតណាម។
លោកបានបន្ថែមថា «យើងផលិតដំឡូងមីបានជាង១០លានតោនក្នុងមួយឆ្នាំ ដោយក្នុងនោះមានតែប្រហែល២ទៅ៣លានតោនប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់ក្នុងស្រុក។ បើនិយាយពីតម្លៃវិញ ដំឡូងមីស្ងួតមានតម្លៃខ្ពស់ និងមានស្ថិរភាព ខណៈដែលដំឡូងមីស្រស់នៅតែមានតម្លៃសមរម្យក្នុង១គីឡូក្រាមតម្លៃចន្លោះពី ២២០ ទៅ ៤០០ រៀល ប៉ុន្តែដំឡូងមីស្ងួតមានតម្លៃពី ៦៦០ ទៅ ៧៥០ រៀលក្នុងមួយគីឡូក្រាម។
លោកបានបន្តថា នៅថ្ងៃអនាគត លោកមិនចង់ឃើញការនាំចេញដំឡូងមីបន្ថែមទៀតទេ លោកចង់ឃើញរោងចក្រកែច្នៃដំឡូងមីកាន់តែច្រើននៅក្នុងប្រទេស ព្រោះ យើងអាច កែច្នៃទៅជាម្សៅដំឡូងមី ឬផលិតផលផ្សេងទៀតសម្រាប់នាំចេញ។
លោកបានអោយដឹងទៀតថា មានរោងចក្រកែច្នៃដំឡូងមីប្រហែល ១២ រោងចក្រ ប៉ុន្តែមានរោងចក្រកែច្នៃដំឡូងមីប្រមាណ ៤ ទៅ ៥ ប៉ុណ្ណោះដែលកំពុងដំណើរការ។
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគោលនយោបាយជាតិដំឡូងមីឆ្នាំ ២០២០-២០២៥ ដែលត្រូវបានផ្សព្វផ្សាយជាផ្លូវការក្នុងខែមករា ឆ្នាំ២០២១ បន្ទាប់ពីត្រូវបានអនុម័តដោយរដ្ឋាភិបាលក្នុងខែសីហា ឆ្នាំ ២០២០។
គោលនយោបាយជាតិដំឡូងមីឆ្នាំ ២០២០-២០២៥ មានគោលបំណងធ្វើឱ្យកម្ពុជាក្លាយជាផលិតកម្ម កែច្នៃ និងផ្គត់ផ្គង់ផលិតផលដំឡូងមីដែលអាចជឿទុកចិត្តបាន ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារពិភពលោក។