មន្ត្រីជាន់ខ្ពស់នៃសមាគមស្វាយចន្ទីកម្ពុជា (CAC) បានប្រាប់កាសែតខ្មែរថាមស៍ថា ការនាំចេញគ្រាប់ស្វាយចន្ទីត្រូវបានរំពឹងថានឹងកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៥ ដោយផ្តោតលើទីផ្សារអឺរ៉ុប។
ហាងប្រមាណ៦០០០នៅប្រទេសបារាំងបានចាប់ផ្តើមលក់គ្រាប់ស្វាយចន្ទីកម្ពុជាក្នុងដំណាក់កាលដំបូង។
លោក ស៊ុយ កុកធានអនុប្រធានសមាគមស្វាយចន្ទីកម្ពុជាបានមានប្រសាសន៍ថា “ខ្ញុំមានទំនុកចិត្តខ្ពស់ថា ការនាំចេញគ្រាប់ស្វាយចន្ទីនឹងកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២៥ ដោយសាររោងចក្រដែលកំពុងដំណើរការនាពេលនេះ គឺជារោងចក្រខ្នាតធំ មានសមត្ថភាពផលិតសម្រាប់នាំចេញ។
ជាលទ្ធផល ការនាំចេញរួមក្នុងវិស័យគ្រាប់ស្វាយចន្ទីនឹងទទួលបានកំណើនយ៉ាងខ្លាំងនៅឆ្នាំ២០២៥»។
លោកបានបន្តថា សហគមន៍អឺរ៉ុបលើកទឹកចិត្តជាច្រើនក្នុងការលើកកម្ពស់ការនាំចេញផលិតផលគ្រាប់ស្វាយចន្ទី ហើយកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការតាំងពិព័រណ៍នៅទីក្រុងប៉ារីស។
ទាក់ទិននឹងទីផ្សារវៀតណាម លោកបានបញ្ជាក់ថា កម្ពុជានៅតែរក្សាទំនាក់ទំនង និងផ្តោតលើប្រទេសនេះ ព្រោះវៀតណាមជាប្រទេសធំជាងគេដែលទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាក្នុងតម្លៃល្អ។
«យើងបន្តរក្សាទំនាក់ទំនងជាមួយវៀតណាមក្នុងការលក់គ្រាប់ស្វាយចន្ទីឆៅ ព្រោះកម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីទាំងនោះ។ ទីផ្សារគោលដៅបន្ទាប់គឺប្រទេសចិន ព្រោះថ្មីៗនេះអ្នកវិនិយោគចិនជាច្រើនបានមករកយើងដើម្បីទិញទាំងគ្រាប់ស្វាយចន្ទីឆៅ និងកែច្នៃ»។
លើសពីនេះ CAC បានខិតខំសហការជាមួយក្រុមហ៊ុនឯកជន ដោយផ្តោតលើទីផ្សារអឺរ៉ុប។ ជាពិសេស សមាគមបានសហការយ៉ាងជិតស្និទ្ធជាមួយអ្នកលក់មកពីប្រទេសតួកគី ហើយរំពឹងថានឹងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារតួកគីនៅឆ្នាំក្រោយ។ នេះអាចធ្វើទៅបានដោយតំណាងសមាគម និងក្រុមអ្នកលក់នៅក្នុងប្រទេសតួកគី
កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៥០,០០០ តោន គិតត្រឹមឆ្នាំនេះ កើនឡើង ២៦,៨ ភាគរយ និងនាំចេញគ្រាប់ស្វាយចន្ទីបាន ៨១៥,០០០ តោន កើនឡើង ៣១ ភាគរយ។
ដោយឡែកការនាំចេញទៅប្រទេសវៀតណាមនៅទ្រឹងចំនួន ៧៩៣ ៤៥៣ តោន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ បានមានប្រសាសន៍ថា ក្រសួងបានបន្តចរចាបើកទីផ្សារថ្មី ដោយបន្តពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មកិច្ចព្រមព្រៀងតំបន់ ទ្វេភាគី និងពហុភាគី និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសជាដៃគូសំខាន់ៗ។
លោកស្រីបានគូសបញ្ជាក់ថា ដើម្បីជំរុញការនាំចេញ និងពង្រីកសក្តានុពលផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ ក្រសួងបានដាក់ដំណើរការមជ្ឈមណ្ឌលសេវាកម្មនាំចេញ ដើម្បីផ្តល់ព័ត៌មានទីផ្សារ នីតិវិធីនាំចេញ និងតភ្ជាប់អ្នកផ្គត់ផ្គង់ជាមួយអ្នកទិញ។
លោកស្រីបានបន្ថែមថា គំនិតផ្តួចផ្តើមនេះបានជួយជំរុញការនាំចេញផលិតផលកម្ពុជា ដូចជាអង្ករ ស្វាយក្រៀម និងគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហភាពអឺរ៉ុបជាពិសេសប្រទេសបារាំង និងហូឡង់។
លោកស្រីបានបន្តថា “ខ្ញុំក៏សូមជម្រាបជូនថា កិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តនៅក្នុងទីតាំងដំបូងចំនួន៦០០០កន្លែងនៅប្រទេសបារាំង ដែលជាដំណាក់កាលទីមួយ ហើយដំណាក់កាលទីពីរនឹងពង្រីកទៅរាប់ពាន់ទីតាំងបន្ថែមទៀតនៅក្នុងសហភាពអឺរ៉ុប” ។
លោកស្រីបានកត់សម្គាល់ថា ថ្មីៗនេះ ក្រសួងបានសម្របសម្រួលការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួនពីរ រួមមាន សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា ជាមួយសមាគមសណ្ឋាគារកម្ពុជានិងសហព័ន្ធស្វាយចន្ទីកម្ពុជា ជាមួយសមាគមសណ្ឋាគារកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្រោមកិច្ចព្រមព្រៀងទាំងនេះ សមាគមសណ្ឋាគារកម្ពុជានឹងធ្វើការបញ្ជាទិញសម្រាប់រយៈពេល៣ឆ្នាំខាងមុខ ជាមួយនឹងតម្រូវការចំនួន២៥០តោនក្នុងមួយឆ្នាំ។