យុទ្ធនាការផ្លូវជាតិគ្មានសំរាមប្លាស្ទិក របស់ក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះ ទទួលបានការគាំទ្រដោយអាជីវករក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដោយពួកគេបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីកាត់បន្ថយសំរាមប្លាស្ទិកនៅតាមទីសាធារណៈបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកមុខមាត់របស់ប្រទេសកម្ពុជាពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ និងជាជំហានមួយក្នុងទិសដៅត្រឹមត្រូវក្នុងការជំរុញកម្ពុជាឱ្យក្លាយជាអ្នកដឹកនាំទេសចរណ៍ធម្មជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
យោងតាមលោក Bas van der Laan ស្ថាបនិក និងជាអ្នកគ្រប់គ្រងនៅសណ្ឋាគារ Old Cinema Kampot យុទ្ធនាការដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រសួងបរិស្ថាន ដើម្បីកាត់បន្ថយសំរាមប្លាស្ទិកនៅតាមទីសាធារណៈ កំពុងបង្ហាញពីសារសំខាន់កាន់តែខ្លាំងឡើងក្នុងការលើកកម្ពស់កំណើនវិស័យទេសចរណ៍របស់ប្រទេស។
និយាយទៅកាន់កាសែតខ្មែរថាមស៍ លោកបានលើកឡើងទៀតថា ភ្ញៀវបរទេសដែលមកទស្សនាកម្ពុជាកាន់តែផ្តោតលើបញ្ហាបរិស្ថាន និងចីរភាព។
លោកបានបន្តថា ជាឧទាហរណ៍ ប្លាស្ទិកនៅជុំវិញក្រុងកំពត និងតាមមាត់ទន្លេ បានជះឥទ្ធិពលអវិជ្ជមានដល់ការយល់ឃើញរបស់ភ្ញៀវចំពោះកម្ពុជា។
លោកបានមានប្រសាសន៍ថា “ជាមួយនឹងការបង្កើនការយកចិត្តទុកដាក់ជាសកលលើចីរភាព និងការគ្រប់គ្រងកាកសំណល់ កត្តានេះនឹងកាន់តែមានសារសំខាន់នាពេលអនាគត នៅពេលដែលអ្នកធ្វើដំណើរសម្រេចចិត្តទៅទស្សនានូវគោលដៅទេសចរណ៍ណាមួយរបស់ពួកគេ”។
ដោយសាទរចំពោះយុទ្ធនាការផ្សេងៗដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាល និងអាជ្ញាធរក្នុងរយៈពេលថ្មីៗនេះ លោកបានអោយដឹងទៀតថា “មានឱកាសដ៏ធំសម្រាប់កម្ពុជាក្នុងការធ្វើសកម្មភាពលើបញ្ហាបរិស្ថានទាំងនេះ ហើយត្រូវបានទទួលស្គាល់ថាជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងវិស័យអេកូទេសចរណ៍ពិភពលោក”។
លោកបានបន្ថែមថា “រាល់វិធានការដើម្បីដោះស្រាយការគ្រប់គ្រងកាកសំណល់ត្រូវបានកោតសរសើរយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មទេសចរណ៍”។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ក្នុងពិធីប្រកាសគំនិតផ្តួចផ្តើម “ផ្លូវជាតិគ្មានសំរាមផ្លាស្ទិក” កាលពីដើមខែនេះ ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន ចូលរួមកាត់បន្ថយសំរាម ដោយរៀបចំសកម្មភាពសម្អាតសំរាមប្លាស្ទិកនៅតាមទីកន្លែងរបស់ពួកគេរៀងៗខ្លួន ទន្ទឹមនឹងការពង្រឹងការគ្រប់គ្រងសំណល់ ប្រព័ន្ធសំណល់ប្លាស្ទិក និងការយល់ដឹងជាសាធារណៈជុំវិញបញ្ហានេះ។
ការអំពាវនាវឱ្យចាត់វិធានការនេះដោយក្រសួងទេសចរណ៍ត្រូវបានស្វាគមន៍ដោយអាជីវករទេសចរណ៍ក្នុងវិស័យឯកជន ខណៈដែលពួកគេកំពុងខិតខំកាត់បន្ថយកាកសំណល់ប្លាស្ទិករួចទៅហើយ ដើម្បីធានាបាននូវបទពិសោធន៍ដ៏ល្អសម្រាប់ភ្ញៀវទេសចរ។
លោក Alexandre Rebibo ម្ចាស់ និងប្រតិបត្តិកររមណីយដ្ឋាន Koh Rong Island, Anaya and Tamu Koh Rong បានអោយដឹងដែរថា ការរក្សាបាននូវបរិស្ថានស្អាតនៅក្នុងតំបន់ទេសចរណ៍ដូចជាកោះរ៉ុង ត្រូវតែជាអាទិភាពចម្បងសម្រាប់ការអភិវឌ្ឍន៍រយៈពេលវែងរបស់វិស័យនេះ ដូច្នេះហើយ នេះជាអ្វីមួយដែលលោកសប្បាយចិត្តនឹងចូលរួមអោយកាន់តែសកម្ម។
លោកបានបន្ថែមថា គំនិតផ្តួចផ្តើមដែលកំពុងដំណើរការរួចហើយរួមមានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការរៀបចំការសម្អាតឆ្នេរ និងការអនុវត្តន៍ដែលមិនប៉ះពាល់ដល់បរិស្ថានទេសចរណ៍នៅលើកោះនេះ។
លោកបានបន្តថា លើសពីនេះ ទាំងវិស័យរដ្ឋ និងឯកជនកំពុងសហការកាន់តែខ្លាំងឡើងលើគំនិតផ្តួចផ្តើមទាំងនេះ រួមទាំងកម្មវិធីគ្រប់គ្រងកាកសំណល់ និងការលើកកម្ពស់ការអនុវត្តទេសចរណ៍ប្រកបដោយការទទួលខុសត្រូវនៅលើកោះទាំងមូល។
លោកបានមានប្រសាសន៍ថា ការងារនេះទាក់ទងនឹងការអភិរក្សបរិស្ថានមានសារសំខាន់នាពេលបច្ចុប្បន្ន និងទៅអនាគត ដោយសារតែកោះនេះទាក់ទាញភ្ញៀវទេសចរច្រើនជាងទីតាំងផ្សេងទៀតជាចម្បង ដោយសារតែវាហ៊ុំព័ទ្ធទៅដោយព្រៃឈើ។
លោកបានលើកឡើងទៀតថា “ខណៈដែលអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កោះនេះអាចបង្កើនភាពងាយស្រួល និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន នៅពេលដែលខ្ញុំពិភាក្សាជាមួយភ្នាក់ងារទេសចរណ៍ និងអ្នកទេសចរ ពួកគេព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានរបស់វា ជាពិសេសនៅលើកោះដ៏ស្អាតដូចជាកោះរ៉ុង”។
លោកបានមានប្រសាសន៍ថា ដូច្នេះការអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាអាទិភាពកំពូល ដែលសណ្ឋាគារជាច្រើននៅលើកោះកំពុងចាត់វិធានការដើម្បីលើកកម្ពស់។
យុទ្ធនាការ “ផ្លូវជាតិគ្មានសំរាមផ្លាស្ទិក” នៅឆ្នាំនេះ កំពុងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពបន្ថែមលើភាពជោគជ័យកន្លងមកក្នុងការគ្រប់គ្រង និងការយល់ដឹងអំពីកាកសំណល់ទូទាំងប្រទេស។
នៅឆ្នាំ២០២៤ យុទ្ធនាការកាត់បន្ថយការនាំចូលប្លាស្ទិកបាននាំឱ្យមានការកាត់បន្ថយការនាំចូលប្លាស្ទិក ៨០ ភាគរយ នេះបើយោងតាមក្រសួងបរិស្ថាន។
កាលពីឆ្នាំមុនក៏បានឃើញការធ្លាក់ចុះយ៉ាងខ្លាំងនៃការចោលសំរាមប្លាស្ទិកនៅតាមដងផ្លូវក្នុងខេត្តចំនួន ១១ ដោយមានការថយចុះ ៨០ ភាគរយនៃកាកសំណល់បើធៀបនឹងឆ្នាំ ២០២៣។