កម្ពុជានិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយដើម្បីបង្កើនកូតានាំចេញអង្ករទៅប្រទេសចិនដល់៥០ម៉ឺនតោន កើន២៥ភាគរយធៀបនឹងកិច្ចសន្យាកូតាចាស់ដែលមានត្រឹមតែ៤០ម៉ឺនតោន។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំដែលបានចេញផ្សាយនៅពាក់កណ្តាលខែធ្នូថា “ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន Green Trade បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្ករជាមួយសាជីវកម្ម COFCO ដល់ចំនួន ៥០០,០០០ តោន”។
ដោយសារប្រទេសចិនជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជា ការពង្រីកកូតាត្រូវបានរំពឹងថានឹងជំរុញការនាំចេញអង្កររបស់កម្ពុជា និងពង្រឹងវិស័យកសិកម្មរបស់កម្ពុជា។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន Green Trade បាននិងកំពុងបន្តធ្វើការចរចាជាមួយប្រទេសមួយចំនួននៅក្នុងតំបន់ ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា។
លោកស្រីបន្តថា «ក្រសួងពាណិជ្ជកម្មបាននិងកំពុងជំរុញ និងបើកទីផ្សារសម្រាប់ការនាំចេញអង្ករតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
កូតាដំបូងដែលបានព្រមព្រៀងក្នុងខែសីហា ឆ្នាំ២០១៤ គ្របដណ្ដប់លើអង្ករចំនួន ១០ម៉ឺនតោន។ តួលេខនេះបានកើនឡើងជាលំដាប់។
លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលកសិកម្មកម្ពុជា។
លោកស្រីបានលើកឡើងកាលពីដើមខែធ្នូថា “ការទិញផលិតផលកសិកម្មរបស់យើងដោយប្រទេសចិន និងប្រទេសជាមិត្តផ្សេងទៀតបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មរបស់កម្ពុជា និងបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនរបស់យើង ជាពិសេសកសិករ”។
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា កម្ពុជាបាននាំចេញអង្ករចំនួន ៥៧៥,៥៦២ តោនក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៤ ដោយទទួលបានចំណូលសរុបចំនួន ៤១៣,៩ លានដុល្លារ។
ក្រុមហ៊ុនចំនួន៥៥ បានដឹកជញ្ជូនអង្ករទៅកាន់ប្រទេស និងតំបន់ចំនួន៦៧ ក្នុងអំឡុងខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ ដោយបន្ថែមថាប្រទេសចិននៅតែជាប្រទេសមួយក្នុងចំណោមអ្នកទិញដ៏សំខាន់។
កម្ពុជាបាននាំចេញអង្ករចំនួន ១០៩ ៤៤៨ តោនទៅប្រទេសចិនក្នុងអំឡុងពេលខាងលើ ដោយរកចំណូលបានចំនួន ៧០ លានដុល្លារ។
អង្ករសែនក្រអូបរបស់កម្ពុជាបានឈ្នះពានរង្វាន់មាស ជាពូជស្រូវល្អជាងគេ លើកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករគ្រាប់វែង ចិន-អាស៊ាន លើកទី២ នៅប្រទេសចិន។
CRF បានកំណត់គោលដៅនាំចេញអង្ករមួយលានតោននៅឆ្នាំ២០២៥ ដោយជំរុញឱ្យមានការបង្កើនផលិតកម្ម និងសមត្ថភាពផ្ទុក និងលើកកម្ពស់ស្តង់ដារគុណភាពអង្ករសម្រាប់ការជំរុញនាំចេញអង្កររបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។