លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានឲ្យដឹងថា តម្លៃដំឡូងមីនៅខេត្តព្រះវិហារឆ្នាំនេះ មានតម្លៃល្អ។
លោកបានគូសបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ តម្លៃដំឡូងមីស្ងួតមានតម្លៃជាង ៩០០ រៀលក្នុងមួយគីឡូក្រាម ខណៈដំឡូងមីស្រស់មានតម្លៃចន្លោះពី ៣៧០ ទៅ ៤២០ រៀលក្នុងមួយគីឡូក្រាម»។
លោក ទ្រី ដា បានឲ្យដឹងថា នៅកន្លែងខ្លះក្នុងខេត្ត ដំឡូងមីអាចលក់បាន ៩៣០រៀល ឬ ៩៥០រៀលក្នុងមួយគីឡូក្រាម ហើយបើស្ងួតល្អ កសិករអាចលក់បាន ៩៦០រៀល ក្នុងមួយគីឡូក្រាម។
លោកបានបន្តទៀតថា តម្លៃដំឡូងមីឆ្នាំនេះល្អខ្លាំង បើធៀបនឹង១០ឆ្នាំមុន កសិករក្នុងស្រុកសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងតម្លៃខ្ពស់ ខណៈទិន្នផលដំឡូងមីអាចឡើងពី១០តោនទៅ៥០តោនក្នុងមួយហិកតា។
លោកប្រធានមន្ទីរបានបន្តថា ឈ្មួញថៃ និងវៀតណាម បានចុះមកប្រមូលផលដំឡូងមី។
សម្រាប់ឆ្នាំក្រោយ លោក ទ្រីដា បានព្យាករណ៍ថា តម្លៃដំឡូងមីនឹងឡើងថ្លៃបន្ថែមទៀត ជាពិសេសនៅពេលតម្លៃប្រេងបន្តកើនឡើង ព្រោះដំឡូងមីក៏អាចកែច្នៃជាអេតាណុល ក្រៅពីធ្វើជាអាហារផងដែរ។
ដំឡូងមី ជាដំណាំកសិឧស្សាហកម្មដែលប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារដាំលើផ្ទៃដីប្រមាណ ៣២០០០ ហិកតា។ ហេង បញ្ញា – AKP