ទិន្នផលដំឡូងមីនៅខេត្តព្រះវិហារ កើនបាន ៦៨០,០៤០តោន ដោយសារមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងសិក្ខាសាលាផ្សេងៗជាមួយកសិដ្ឋាន។ ចម្ការដំឡូងមីនៅខេត្តព្រះវិហារ មានផ្ទៃដី ៣៤,០០២ ហិកតា។
លោក មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍កាលពីថ្ងៃអង្គារ ក្នុងអំឡុងធ្វើជាអធិបតីជាមួយ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុង “សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់លើកទី២ ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ ២០២០-២០២៥ ដោយលើកឡើងថា ទិន្នផលខ្ពស់បែបនេះ គឺជាសញ្ញាវិជ្ជមានមួយ ។
ថ្លែងក្នុងពិធីបើកនេះ លោក រាជ រ៉ា បានថ្លែងអំណរគុណចំពោះអ្នកដែលបានចូលរួមក្នុងកិច្ចប្រជុំ។ ក្រសួងពាណិជ្ជកម្ម បានសហការរៀបចំសិក្ខាសាលានេះជាមួយរដ្ឋបាលខេត្តព្រះវិហារ និងមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួម ពីមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយតំណាងសហគមន៍ដំឡូងមី និងអាជីវករមកពីខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។ លោក រាជ រ៉ា បានជម្រាបជូនអ្នកចូលរួមអំពីសារៈសំខាន់នៃគោលនយោបាយដំឡូងមី តួនាទី និងការទទួលខុសត្រូវក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកបានមានប្រសាសន៍ថា ការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់គឺចាំបាច់ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងរបស់រដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំខាងមុខ។
លោក មុត ភិសិទ្ធនា អភិបាលរងខេត្ត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបង្កើតបរិយាកាសសម្រាប់ទិន្នផលដំឡូងមីខ្ពស់ក្នុងខេត្តព្រះវិហារ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សិក្ខាសាលាក៏បានពិភាក្សាអំពីបញ្ហាប្រឈម និងគំនិតថ្មីៗសម្រាប់ផលិតកម្ម ការកែច្នៃ និងការនាំចេញ។
ក្នុងសិក្ខាសាលានេះ មន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានធ្វើបទបង្ហាញអំពី ‘គោលនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ ២០២០-២០២៥’ ដែលត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ និងទទួលស្គាល់ដោយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែកញ្ញា ឆ្នាំ ២០២០។ គោលនយោបាយនេះត្រូវបានរៀបចំ និងបោះពុម្ពដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលត្រូវបានគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។