នាពេលថ្មីៗនេះ ទឹកធ្លាក់ឡែងកៅក្នុងខេត្តមណ្ឌលគិរី កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយសាររឿងព្រេងនិទាន និងភាពស្រស់ស្អាតនៃសហគមន៍ទេសចរណ៍ធម្មជាតិ។ បើតាមសមាជិកនៃគណៈកម្មាធិការទេសចរណ៍ធម្មជាតិបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេសបានសម្រុកទៅទស្សនាទឹកធ្លាក់ដ៏ស្រស់ស្អាតនេះ។
ទឹកធ្លាក់ ឡែង កៅ ដែលទើបតែបើកដំណើរការនាពេលថ្មីៗនេះ បន្ទាប់ពីធ្វើការកែលម្អរួច បានទាក់ទាញភ្ញៀវទេសចរជាង ១០០ នាក់ក្នុងរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះ នេះបើតាមអ្នកស្រុកម្នាក់ ឈ្មោះ សែន ទី ដែលបាននិយាយកាលពីថ្ងៃអង្គារ។ ឈ្មោះទឹកធ្លាក់បានមកពីរឿងព្រេងដ៏ពេញនិយមមួយអំពីខ្លាឃ្មុំសង្គ្រោះម្ចាស់វាពីការវាយប្រហារដោយសត្វខ្លា។ ទឹកធ្លាក់ដ៏ស្រស់ស្អាតស្ថិតនៅតាមផ្លូវសំខាន់ក្នុងទីរួមខេត្តមណ្ឌលគិរី ភូមិអណ្តូងក្រឡឹង ស្រុកកែវសីមា។
សហគមន៍អេកូទេសចរណ៍នេះលាតសន្ធឹងលើផ្ទៃដី ១៨,២៤ ហិកតា និងមានកន្លែងស្នាក់កំសាន្ត ហាងលក់ម្ហូបអាហារ និងមានសត្វព្រៃជាង ៥០ ប្រភេទ ដែលរស់នៅនៅក្នុងតំបន់ជុំវិញនោះ។ ជនជាតិដើមភាគតិចព្នងមានដើមកំណើតនៅតំបន់នោះ ត្រូវបានអនុញ្ញាតបើកឱ្យភ្ញៀវទេសចរចូលទស្សនាកាលពីឆ្នាំមុន។
សែន ទី បាននិយាយថា ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកែលម្អកាលពីដើមឆ្នាំថ្មីៗនេះ បានមកពីគម្រោងទេសចរណ៍ REDD+ ។ ភាពល្បីល្បាញនៃទឹកធ្លាក់នេះគឺទាក់ទងដោយផ្ទាល់ទៅនឹងរឿងរ៉ាវអំពីម្ចាស់ខ្លាឃ្មុំដែលបានកំពុងសម្រាកនៅជិតទឹកធ្លាក់នោះ។ ខ្លាឃ្មុំបានជួយសង្គ្រោះម្ចាស់វាពីសត្វខ្លា ហើយទឹកធ្លាក់នោះត្រូវបានគេហៅឈ្មោះថា ឡែង កៅ ដែលមានន័យថាទឹកធ្លាក់ខ្លាឃ្មុំ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រាប់កាសែតខ្មែរថាមស៍កាលពីថ្ងៃព្រហស្បតិ៍ថា “ខេត្តមណ្ឌលគិរីនៅកម្ពុជាមានសក្តានុពលដ៏អស្ចារ្យសម្រាប់ទេសចរណ៍ធម្មជាតិ ដោយសារជីវចម្រុះដ៏សម្បូរបែប ទេសភាពដ៏ស្រស់បំព្រង និងវប្បធម៌ជនជាតិដើមភាគតិចពិសេស”។ អ្នកស្រីបន្ថែមថា ជាមួយនឹងព្រៃឈើខៀវស្រងាត់ ទឹកធ្លាក់ និងសត្វព្រៃចម្រុះ ខេត្តមណ្ឌលគិរីផ្តល់នូវបទពិសោធន៍ដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកចូលចិត្តធម្មជាតិ និងអ្នកចូលចិត្តការកំសាន្តបែបផ្សងព្រេង។
លោកស្រីបានបន្តថា ទោះបីជាមានសក្ដានុពលក៏ដោយ ក៏ខេត្តមណ្ឌលគិរីជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក្នុងនាមជាគោលដៅទេសចរណ៍។ ឧបសគ្គចម្បងមួយគឺការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ជាពិសេសមធ្យោបាយធ្វើដំណើរ។ ខេត្តមណ្ឌលគិរីនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការអភិវឌ្ឍន៍ផ្លូវល្បឿនលឿន និងព្រលានយន្តហោះ ដើម្បីបង្កើនភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ។ បច្ចុប្បន្ននេះ ជម្រើសនៃមធ្យោបាយធ្វើដំណើរនៅមានកម្រិត ធ្វើឱ្យអ្នកទេសចរពិបាកទៅដល់តំបន់ដាច់ស្រយាល និងជាទីពេញនិយម ដែលធ្វើអោយខេត្តមណ្ឌលគិរីមានភាពទាក់ទាញខ្លាំង។
លោកស្រី ស៊ីវលីន បានបន្តថា ខេត្តមណ្ឌលគិរីមានសក្ដានុពលក្នុងការក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា។ តាមរយៈការដោះស្រាយបញ្ហាប្រឈមនៃហេដ្ឋារចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រអភិវឌ្ឍភាពរមណីដ្ឋានរបស់ខ្លួន ខេត្តមណ្ឌលគិរីអាចទាក់ទាញភ្ញៀវទេសចរជាច្រើនដែលស្វែងរកបទពិសោធន៍ជាក់ស្តែងនៅក្នុងធម្មជាតិ និងវប្បធម៌។ ជាមួយនឹងការរៀបចំផែនការ និងការវិនិយោគប្រកបដោយការប្រុងប្រយ័ត្ន ខេត្តមណ្ឌលគិរីអាចរៀបចំទៅជាគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវដែលអភិរក្សបេតិកភណ្ឌធម្មជាតិរបស់ខ្លួន ខណៈផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ។