លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីម្សិលមិញបានទទួលជួបគណៈប្រតិភូមកពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងបានពិភាក្សាអំពីបញ្ហាសំខាន់ៗទាក់ទងនឹងការលើកកម្ពស់គុណភាពផលិតកម្ម ជំនះបញ្ហាប្រឈមក្នុងឧស្សាហកម្ម និងការពង្រីកការនាំចេញ។
លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានជម្រាបជូនលោក ហ៊ុន ម៉ាណែត អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការរួមចំណែកលើកកម្ពស់ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោក ហ៊ុន ឡាក់ ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ចំពោះគុណភាពអង្ករកម្ពុជា ការប្រមូលទិញស្រូវពីកសិករ ការរៀបចំសម្ងួត ការស្តុកទុក និងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។
ដោយកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យស្រូវអង្ករ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា”។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពដល់វិស័យស្រូវអង្ករ ដែលជាដំណាំយុទ្ធសាស្ត្ររយៈពេលវែងរបស់កម្ពុជា”។
លោកបានគូសបញ្ជាក់ពីគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានានូវការប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាការលើកកម្ពស់ភាពជាម្ចាស់នៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យបន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយតម្លៃបន្ថែមខ្ពស់ ក៏ដូចជាចូលរួមផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កសិករ ដើម្បីលើកកម្ពស់គុណភាពផលិតផល និងបង្កើនផលិតភាព ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃផលិតកម្មស្រូវកម្ពុជា។
កម្ពុជាបាននាំចេញអង្ករចំនួន ៥៧៥,៥៦២ តោនក្នុងអំឡុងខែមករាដល់ខែវិច្ឆិកាឆ្នាំមុនទៅកាន់ប្រទេសចំនួន ៦៧ ដោយទទួលបានប្រាក់ចំណូលចំនួន ៤១៣ លានដុល្លារអាមេរិក ធ្លាក់ចុះតិចតួច ១,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ពូជអង្ករដែលនាំចេញរួមមាន អង្ករក្រអូប អង្ករសរីរាង្គ អង្ករស អង្ករសំរូប និងអង្ករជប៉ុន (japonica rice)។
ប្រទេសចិន និងអឺរ៉ុបគឺជាទីផ្សារដ៏សំខាន់សម្រាប់អង្កររបស់កម្ពុជា ដោយបាននាំចូលអង្ករចំនួន ១០៩,៤៤៨តោន ដែលមានតម្លៃ ៦៩ លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជាបានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការនាំចេញអង្ករឱ្យបានយ៉ាងហោចណាស់មួយលានតោននៅឆ្នាំ២០២៥។