កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទីដំបូងគេរបស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា។
សួនឧស្សាហកម្មស្វាយចន្ទីដំបូងគេក្នុងប្រទេសកម្ពុជា គ្រោងនឹងសាងសង់នៅក្នុងខេត្តកំពង់ធំ ដែលជាតំបន់មានការដាំដុះស្វាយចន្ទីធំជាងគេនៅក្នុងប្រទេស។
សួនឧស្សហកម្មនេះគ្របដណ្តប់លើផ្ទៃដីជិត៦០០ ហិកតា ដែលផ្តោតលើការកែច្នៃគ្រាប់ស្វាយចន្ទី និងមានចម្ងាយប្រហែល១៣ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី លោក សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាគោលនយោបាយពាណិជ្ជកម្មខេត្ត លោក នូន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រួមនឹងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា “ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជា (CAC) បានប្រាប់កាសែតខ្មែរថាមស៍កាលពីថ្ងៃអាទិត្យថា នេះជារឿងដ៏ល្អបំផុតដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ដោយផ្ទាល់លើវិស័យនេះ ហើយការយកចិត្តទុកដាក់នេះមិនត្រឹមតែនៅលើក្រដាសប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានចុះពិនិត្យសហគមន៍ផ្ទាល់ផងដែរ។
លោកបានបន្ថែមថា លោកនាយករដ្ឋមន្ត្រីសម្រេចបង្កើតសួនឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ។ លោកមានទំនុកចិត្តថា វិស័យគ្រាប់ស្វាយចន្ទីនឹងរីកចម្រើនលឿនជាងវិស័យស្រូវនាពេលខាងមុខ ខណៈអ្នកវិនិយោគក៏ចាប់ផ្តើមវិនិយោគក្នុងខេត្តជាបណ្តើរៗដែរ។
លោកបានលើកឡើងទៀតថា “ខ្ញុំជឿជាក់ថា វិស័យនេះនឹងរីកចម្រើនយ៉ាងឆាប់រហ័សនាពេលខាងមុខ ហើយកម្ពុជានឹងក្លាយជាអធិរាជគ្រប់ផ្នែកទាំងអស់ រួមទាំងគុណភាព ទំហំគ្រាប់ធញ្ញជាតិ និងបរិមាណ។ វិស័យនេះក៏នឹងរីកចម្រើនលឿនជាងវិស័យស្រូវនៅប៉ុន្មានឆ្នាំខាងមុខទៀត ដោយសារវិស័យស្រូវមិនទាន់មានសួនឧស្សាហកម្មធំដូចស្វាយចន្ទីទេ»។
អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានប្រាប់កាសែតខ្មែរថាមស៍ថា សួនឧស្សាហកម្មដែលបានស្នើឡើងនេះ គ្រោងនឹងសាងសង់លើផ្ទៃដីជាង ៥០០ ហិកតា ជាមួយនឹងការសិក្សាលទ្ធភាពកំពុងដំណើរការ ដើម្បីស្វែងរកភាពជាដៃគូសម្រាប់គម្រោងនេះ។
លោកបានបន្ថែមថា ខេត្តកំពង់ធំសម្បូរទៅដោយសក្ដានុពលកសិកម្ម និងឧស្សាហ៍កម្ម ជាពិសេសដំណាំស្រូវ កៅស៊ូ ដំឡូងមី និងស្វាយចន្ទី។ ខេត្តនេះមានផ្ទៃដីដាំដុះប្រមាណ ១៥២.៦១១ ហិកតា ផលិតគ្រាប់ស្វាយចន្ទីប្រមាណ ២២១.៧៥៨ តោនក្នុងមួយឆ្នាំ។
គួររំលឹកផងដែរថា កាលពីដើមខែនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចុះទៅពិនិត្យសហគមន៍ដាំស្វាយចន្ទីមួយក្នុងខេត្តកំពង់ធំ និងទទួលបានព័ត៌មានផ្ទាល់អំពីដំណាំស្វាយចន្ទី។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយលោកបានស្វែងយល់ច្រើនអំពីស្ថានភាពជាក់ស្តែងនៃការដាំស្វាយចន្ទី អត្ថប្រយោជន៍ ក៏ដូចជាបញ្ហាប្រឈមរបស់កសិករ។
លោកបានសង្កត់ធ្ងន់ថា “ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងពឹងផ្អែកលើវិស័យកសិកម្ម ហើយរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនមក បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណាំស្វាយចន្ទី”។
មកទល់ពេលនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥០,០០០តោន កើនឡើង ២៦,៨ភាគរយ និងនាំចេញគ្រាប់ស្វាយចន្ទីបាន ៨១៥,០០០តោន កើនឡើង ៣១ភាគរយ។ ទោះជាយ៉ាងណា ការនាំចេញទៅប្រទេសវៀតណាមនៅទ្រឹងចំនួន ៧៩៣,៤៥៣ តោន។