នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបដែលផ្តោតលើដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ។
លោកបានកោតសរសើរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានកែប្រែការធ្វើកសិកម្មបែបគ្រួសារ មកក្លាយជាសហគ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ ។
លោកបានកោតសរសើរសជាពិសេសចំពោះសមាហរណកម្មសហគមន៍កសិកម្មស្វាយចន្ទីទំនើប និងការពង្រឹងសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។
នេះជាជំនួបផ្ទាល់លើកដំបូងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយកសិករដាំស្វាយចន្ទី ចាប់តាំងពីលោកក្លាយជានាយករដ្ឋមន្ត្រី។
ជួបជាមួយសហគមន៍ស្វាយចន្ទីទំនើបស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ លោកសិក្សាបានច្រើនអំពីស្ថានភាពជាក់ស្តែងនៃការដាំស្វាយចន្ទី អត្ថប្រយោជន៍ ក៏ដូចជាបញ្ហាប្រឈមរបស់កសិករ។
លោកបានកត់សម្គាល់នៅលើបណ្តាញសង្គមរបស់លោកថាសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតាដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន ។
សូមកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៧០ផាគរយ និងគ្រាប់ស្វាយចន្ទីស្ងួត ៣០ភាគរយ ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥ភាគរយ។
លើសពីនេះ លោកនាយករដ្ឋមន្រ្ដីក៏បានវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ។
“ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងពឹងផ្អែកលើវិស័យកសិកម្ម ហើយរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនមក បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រាប់ស្វាយចន្ទី។ ក្នុងអាណត្តិថ្មីនេះ យើងត្រូវបង្កើនប្រសិទ្ធភាពបន្ថែមទៀត។
លោកបានសង្កត់ធ្ងន់ថា ក្រសួងកសិកម្មបានបង្កើតយុទ្ធសាស្ត្រដោយបង្កើតសហគមន៍កសិកម្មទំនើបសំដៅជួយកសិករបង្កើនប្រសិទ្ធភាពការដាំដុះ និងកាត់បន្ថយការចំណាយ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្នមានសហគមន៍កសិកម្មទំនើបចំនួន ៩ នៅទូទាំងខេត្តចំនួន ៦ ដោយផ្តោតលើដំណាំចំនួន ៤ ប្រភេទ រួមមាន ស្រូវ បន្លែ ស្វាយចន្ទី និងម្រេច។
រហូតមកដល់ពេលនេះ សហគមន៍ទាំងនេះមួយចំនួនបានចាប់ផ្តើមទទួលអត្ថប្រយោជន៍ និងបានចាប់ផ្តើមចែកចាយភាគលាភជាបណ្តើរៗ។
ក្រសួងមានគម្រោងពង្រីកសហគមន៍កសិកម្មទំនើបទៅកាន់ដំណាំផ្សេងៗទៀត ដោយមានទំនាក់ទំនងទីផ្សារច្បាស់លាស់ ហើយក៏មានគម្រោងពង្រីកវិសាលភាពផងដែរ។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជា (CAC) បានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី និងការសំណេះសំណាលផ្ទាល់ជាមួយសមាជិកនៃសហគមន៍កសិកម្មស្វាយចន្ទីទំនើបក្នុងខេត្តកំពង់ធំ គឺជាសញ្ញាវិជ្ជមាន ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ស្ថាប័នពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍អនុវិស័យកសិកម្មដ៏សំខាន់នេះនៅកម្ពុជា។
“យើងជឿជាក់ថា ជាមួយនឹងការយកចិត្តទុកដាក់លើដំណាំស្វាយចន្ទី តាំងពីថ្នាក់ដឹកនាំកំពូលរហូតដល់ថ្នាក់ក្រោម ឧស្សាហកម្មនេះនឹងលែងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរទៀតហើយ។ តាងនាមអោយCAC ខ្ញុំសូមថ្លៃងអំណរគុណចំពោះសកម្មភាពគិតគូររបស់លោកនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់” ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ចម្ការស្វាយចន្ទី គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥៨០,១១៧ ហិកតា នៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤។ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះច្រើនជាងគេ ប្រមាណ ១៤៧,៧០០ ហិកតា បន្ទាប់មក ខេត្តក្រចេះ មាន ១០២,៥០០ ហិកតា និងខេត្តរតនគិរី មាន ៩៧,២ ហិកតា។
មកទល់ពេលនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥០,០០០តោន កើនឡើង ២៦,៨ភាគរយ និងនាំចេញគ្រាប់ស្វាយចន្ទីបាន ៨១៥,០០០តោន កើនឡើង ៣១ភាគរយ។ ទោះជាយ៉ាងណា ការនាំចេញទៅប្រទេសវៀតណាមនៅទ្រឹងចំនួន ៧៩៣,៤៥៣ តោន។