លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃច័ន្ទ បានស្នើដល់សហព័ន្ធដំឡូងមីកម្ពុជា (CFC) ឱ្យមានភាពបត់បែន និងរៀបចំផែនការយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីរក្សាស្ថិរភាពទីផ្សារ ទប់ស្កាត់ការធ្លាក់ថ្លៃ និងផ្តល់អាទិភាពដល់ពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីស្ងួតសម្រាប់នាំចេញ។
លោក ទីណា បានថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារ និងវឌ្ឍនភាពរបស់សហព័ន្ធ ជាមួយលោក ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា និងសហការីនៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “សហព័ន្ធត្រូវតែមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ និងមានផែនការយុទ្ធសាស្រ្តច្បាស់លាស់ ព្រមទាំងគួរតែដាំក្នុងកម្រិតមួយដែលរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញឱ្យមានការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងការធ្លាក់ថ្លៃ»។
លោករដ្ឋមន្ត្រី ក៏បានណែនាំដល់សហព័ន្ធត្រូវវាយតម្លៃដោយប្រុងប្រយ័ត្ននូវរចនាសម្ព័ន្ធអង្គភាព និងតួនាទីសំខាន់របស់ខ្លួនក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយការរួមបញ្ចូលគ្នានូវធនធាន សហការគ្នាប្រកបដោយប្រសិទ្ធភាព ទទួលបានការយល់ដឹងច្បាស់លាស់អំពីទំហំទីផ្សារ គិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច រក្សាជំហររឹងមាំ និងធ្វើការឆ្ពោះទៅរកគោលដៅទីផ្សាររបស់ខ្លួន។
លោក ទីណា មានប្រសាសន៍ថា ក្រសួងបាននិងកំពុងជំរុញការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប ដែលប្រមូលកសិករឱ្យធ្វើការដាំដុះរួមគ្នា។ សហគមន៍ទាំងនេះត្រូវបានរចនាឡើងដោយមានផែនការផលិតកម្មច្បាស់លាស់ ការផ្គត់ផ្គង់ដែលស្របតាមតម្រូវការទីផ្សារ ការប្រកាន់ខ្ជាប់នូវស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងច្រកចូលទៅកាន់ទីផ្សារពិតប្រាកដ។
លោករដ្ឋមន្ត្រី បានលើកឡើងថា “សហព័ន្ធដំឡូងមីកម្ពុជា គួរតែផ្តល់អាទិភាពលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងកែច្នៃដំឡូងមីស្ងួតសម្រាប់ការនាំចេញ ជាជាងប្រកួតប្រជែងជាមួយកសិករក្នុងការដាំដុះ”។
លោកបានលើកទឹកចិត្តឱ្យសហព័ន្ធបន្តសហការជាមួយក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រេចបាននូវជោគជ័យ ដែលផ្តល់ផលប្រយោជន៍ដល់កសិករ។
ថ្មីៗនេះ លោក ច្រាយ សុន បានសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងរបស់អនុវិស័យ ដោយកត់សម្គាល់ថា បច្ចុប្បន្នដំឡូងមីស្រស់ ៩៥ ភាគរយត្រូវបាននាំចេញ ដោយ ៥ ភាគរយត្រូវបានកែច្នៃក្នុងស្រុក ដែលរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ច។
លោក ច្រាយ សុន បានមានប្រសាសន៍ថា “កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទីបួននៅអាស៊ី និងជាប្រទេសនាំចេញដំឡូងមីធំជាងគេទី១០ របស់ពិភពលោក ជាមួយនឹងផ្ទៃដីដាំដុះពី ៦០,០០០ ទៅ ៨០,០០០ ហិកតា។ ដំឡូងមី អាចត្រូវបានបំប្លែងទៅជាផលិតផលជាច្រើនប្រភេទ រួមមានម្សៅ នំប៉័ង នំ ដំឡូងចំណិត ភេសជ្ជៈ និងទំនិញឧស្សាហកម្មដូចជាក្រដាស»។
លោកបានបន្តទៀតថា សហព័ន្ធដំឡូងមីកម្ពុជា នឹងសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការនានា ដើម្បីពង្រីក និងពង្រឹងបច្ចេកទេសដាំដុះ និងលើកកម្ពស់សមត្ថភាពផលិតកម្មប្រកបដោយស្តង់ដារជាតិ និងអន្តរជាតិ សម្រាប់សហគមន៍កសិកម្ម ជាពិសេសអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
ទាក់ទងនឹងតម្លៃដំឡូងមី លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ប្រាប់កាសែតខ្មែរថាមស៍ថា តម្លៃដំឡូងមីប្រែប្រួលតាមតំបន់ ប៉ុន្តែនៅកម្ពុជាតម្លៃដំឡូងមីនៅទាបនៅឡើយ។
តម្លៃទាបបំផុតមាននៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលតម្លៃចន្លោះពី ១៩០ ទៅ២២០ រៀលក្នុងមួយគីឡូក្រាម។ នៅខេត្តប៉ៃលិនតម្លៃលើសពី ២៥០ រៀល ចំណែកខេត្តមណ្ឌលគិរី និងខេត្តកំពង់ចាម មានតម្លៃខ្ពស់ជាង ៣០០ រៀល។
លោក អិល ឈិញ បានបន្ថែមថា ប្រហែល ២០ទៅ៣០ ភាគរយនៃផលិតកម្មដំឡូងមីក្នុងស្រុកត្រូវបានប្រើប្រាស់ក្នុងស្រុក ហើយនៅសល់ត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសថៃ និងវៀតណាម។
កម្ពុជាផលិតដំឡូងមីបានជាង១០លានតោនក្នុងមួយឆ្នាំ ដោយក្នុងមួយឆ្នាំមានតែប្រមាណ២ទៅ៣លានតោនប៉ុណ្ណោះ ។
មានរោងចក្រកែច្នៃដំឡូងមីប្រមាណ ១២ នៅទូទាំងប្រទេស ប៉ុន្តែនាពេលបច្ចុប្បន្នមានប្រហែលពី ៤ ទៅ ៥ រោងចក្រប៉ុណ្ណោះកំពុងដំណើរការ។
គួររំលឹកថា រាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយជាតិដំឡូងមីឆ្នាំ ២០២០-២០២៥ ដែលមានគោលបំណងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិត កែច្នៃ និងផ្គត់ផ្គង់ផលិតផលដំឡូងមីដែលអាចជឿទុកចិត្តបាន ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារពិភពលោក។