សមាគមស្វាយចន្ទីកម្ពុជា (CAC) បានជំរុញអ្នកដាំស្វាយចន្ទីឱ្យត្រួតពិនិត្យចំការរបស់ពួកគេឱ្យបានទៀងទាត់ ដើម្បីកាត់បន្ថយហានិភ័យទាក់ទងនឹងអាកាសធាតុក្នុងរដូវប្រមូលផលឆ្នាំ២០២៥ដែលអាចប៉ះពាល់ដល់ទិន្នផលគ្រាប់ស្វាយចន្ទីពី១០ ទៅ៣០ ភាគរយ។
នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ សមាគមស្វាយចន្ទីបានស្នើឱ្យអ្នកដាំស្វាយចន្ទីទាំងអស់យកចិត្តទុកដាក់បន្ថែមលើដំណាំស្វាយចន្ទីរបស់ពួកគេ ព្រោះទឹកភ្លៀងអាចនឹងបន្តដល់រដូវប្រាំងឆ្នាំ២០២៥។
សេចក្តីប្រកាសបានបន្ថែមថា ទឹកភ្លៀងបានលើសពីមធ្យមភាគប្រចាំឆ្នាំសម្រាប់រយៈពេល៥ ឆ្នាំចុងក្រោយនេះ ដែលបង្កើនហានិភ័យទាក់ទងនឹងអាកាសធាតុសម្រាប់ដំណាំស្វាយចន្ទីក្នុងរដូវប្រមូលផលឆ្នាំ២០២៥ ។
បញ្ហាប្រឈមនឹងកើតមានលើដំណាំស្វាយចន្ទី ដោយសារចំនួនសត្វល្អិតកើនឡើងយ៉ាងឆាប់រហ័ស ព្រោះសំណើមខ្ពស់ធ្វើឱ្យសត្វល្អិតញាស់លឿន កូនដង្កូវបំផ្លាញផ្កា និងគ្រាប់ស្វាយចន្ទី រួមទាំងដង្កូវរុំផ្កា ដង្កូវកាត់ផ្កា និងដង្កូវស៊ីផ្លែ និងជំងឺផ្សេងៗទៀត។
«បញ្ហាប្រឈមទាំងអស់នេះ ប្រសិនបើមិនមានវិធានការសមស្របចាត់ការអោយទាន់ពេលវេលានោះទេ វាអាចកាត់បន្ថយទិន្នផលគ្រាប់ស្វាយចន្ទីបានចន្លោះពី ១០ ទៅ ៣០ ភាគរយ»។
“សមាគមសូមក្រើនរំលឹកដល់ម្ចាស់ចំការស្វាយចន្ទី ឱ្យចុះពិនិត្យចម្ការរបស់ខ្លួនឱ្យបានទៀងទាត់។
ប្រសិនបើរកឃើញសត្វល្អិត ឬជំងឺនោះ គួរតែត្រូវដោះស្រាយ និងព្យាបាលឱ្យបានទាន់ពេល ដោយពិគ្រោះជាមួយអ្នកជំនាញកសិកម្ម»។
សមាគមសូមលើកទឹកចិត្តកសិករឱ្យទទួលយកវិធានការសរីរាង្គជាដំណោះស្រាយប្រកបដោយនិរន្តរភាពដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ គួររំលឹកផងដែរថា រដូវប្រមូលផលស្វាយចន្ទីនៅកម្ពុជាជាធម្មតាចាប់ផ្តើមនៅខែកុម្ភៈ ហើយបញ្ចប់នៅខែឧសភា។ ប៉ុន្តែ ការប្រមូលផលអាចរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ និងកង្វះស្តង់ដារសម្រាប់ការសម្ងួត និងការថែទាំ។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃចន្ទនេះ បានណែនាំដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ប្រើប្រាស់ និងថែរក្សាទឹកឱ្យបានល្អក្នុងរយៈពេល៣ខែដើមឆ្នាំក្រោយ ជាពិសេសនៅតំបន់ជនបទឆ្ងាយពីប្រភពទឹក។
ការព្យាករណ៍របស់ក្រសួងធនធានទឹកបានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា បាតុភូត La Nina នឹងថយចុះពី៦០% ទៅ៤០% ហើយជំនួសដោយបាតុភូត ENSO-Neutral ដែលនឹងកើនឡើងពី៦០ ទៅ ៨០ ភាគរយ។
សម្រាប់រដូវប្រាំង ចាប់ពីខែមករា ដល់ដើមខែមីនា សីតុណ្ហភាពអប្បបរមាជាមធ្យមនៅខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី ជួរភ្នំក្រវាញ និងភ្នំដងរែក និងគិរីរម្យ ខេត្តកំពង់ស្ពឺ នឹងមានចន្លោះពី ១៨° C និងអតិបរមាដែលអាចឡើងដល់ ៣០°C។ សីតុណ្ហភាពអប្បបរមា និងអតិបរមាជាមធ្យមនឹងទាបជាងឆ្នាំមុនៗ។
ភ្លៀងធ្លាក់ក្នុងរដូវប្រាំងគឺប្រហាក់ប្រហែលនឹងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែរដូវវស្សានឹងមានចាប់ពីមធ្យមទៅលើសមធ្យម ដោយមានផ្គររន្ទះ និងខ្យល់បក់ខ្លាំងជាញឹកញាប់។ ទឹកភ្លៀងនឹងកើនឡើងខ្ពស់ជាងឆ្នាំមុន សម្រាប់តំបន់ទំនាប និងឆ្នេរសមុទ្រ។
រដូវវស្សាអាចនឹងចាប់ផ្តើមលឿនបើធៀបនឹងឆ្នាំមុន វាអាចនឹងចាប់ផ្តើមនៅពីរសប្តាហ៍ដំបូងនៃខែឧសភា។