សន្និបាតលើកដំបូងរបស់សហព័ន្ធដំឡូងមីកម្ពុជា (CFC) ត្រូវបានរៀបចំឡើងកាលពីថ្ងៃសុក្រ ដើម្បីលើកស្ទួយវិស័យដំឡូងមីនៅលើទីផ្សារពិភពលោក។
សន្និបាតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វ៉ា រុនសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានអ្នកចូលរួមប្រមាណ ១២០នាក់ រួមមានតំណាងក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមកសិកម្ម អ្នកផលិតដំឡូងមីមកពី១៦ ខេត្ត និងអ្នកផ្គត់ផ្គង់ ព្រមទាំងអង្គការដៃគូរ រួមមាន GIZ, HEKS, CARITAS, ClRD ជាដើម ។
លោក វ៉ា រុនសាន បានលើកឡើងថាសហព័ន្ធដំឡូងមីកម្ពុជាតំណាងឱ្យវិស័យឯកជនដែលពាក់ព័ន្ធនឹងខ្សែសង្វាក់តម្លៃដំឡូងមី ហើយវានឹងដើរតួជាតំណាងកសិករ និងអាជីវករលក់ដំឡូងមី។
សហព័ន្ធដំឡូងមីកម្ពុជា ត្រូវបានបង្កើតឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺគោលនយោបាយជាតិដំឡូងមី ដែលជាស្ថាប័នកំពូលមួយសម្រាប់វិស័យឯកជន ហើយក៏ជាដៃគូជាមួយរដ្ឋាភិបាល ក្រសួង មន្ទីរនានាក្នុងការអភិវឌ្ឍន៍វិស័យដំឡូងមីផងដែរ។
លោកបានបន្ថែមថា “យើងសង្ឃឹមយ៉ាងមុតមាំថាសហព័ន្ធដំឡូងមីកម្ពុជានឹងលើកកម្ពស់វិស័យដំឡូងមីកម្ពុជានៅលើទីផ្សារពិភពលោក និងទទួលបានការទទួលស្គាល់ថាកម្ពុជាជាប្រភពដ៏សំខាន់នៃការផ្គត់ផ្គង់ដំឡូងមីប្រកបដោយគុណភាព ការប្រកួតប្រជែង និងចីរភាព”។
ឧកញ៉ា ច្រាយ សុន ប្រធានក្រុមហ៊ុន Capital Food Investment Import Export ដែលជាប់ឆ្នោតជាប្រធានសហព័ន្ធដំឡូងមីកម្ពុជា មានប្រសាសន៍ថា លោកពិតជារីករាយណាស់ដែលទទួលបានការគាំទ្រពីអ្នកផលិតដំឡូងមី អ្នកប្រមូលទិញ និងភាគីពាក់ព័ន្ធផ្សេងទៀត។
លោកបានប្តេជ្ញាចិត្តក្នុងការកសាងសហព័ន្ធដោយមានចក្ខុវិស័យលើកកម្ពស់បច្ចេកទេសដាំដុះលើផ្ទៃដីកំណត់ដោយផែនទីបង្ហាញផ្លូវ ដែលជាកត្តាផ្តល់ទិន្នផលជាអាទិភាពសម្រាប់សហគមន៍កសិកម្ម។
លោកបានបន្ថែមថា “ខ្ញុំចង់ឃើញស្នាមញញឹមរបស់កសិករដំឡូងមី ដែលជាកម្លាំងចលករនៅពីក្រោយខ្សែសង្វាក់តម្លៃនៃវិស័យដំឡូងមី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជារបស់យើង”។
សហព័ន្ធដំឡូងមីកម្ពុជា ក៏នឹងធ្វើការសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការនានាដើម្បីពង្រីក និងពង្រឹងបច្ចេកទេសដាំដុះ ក៏ដូចជាពង្រឹងសមត្ថភាពផលិតកម្មជាមួយនឹងស្តង់ដារជាតិ និងអន្តរជាតិសម្រាប់សហគមន៍កសិកម្ម ជាពិសេសអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
លោកបានបន្តទៀតថា សហព័ន្ធដំឡូងមីកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មដើម្បីបង្កើតផែនការទីផ្សារសម្រាប់គោលដៅនីមួយៗដែលកម្ពុជាត្រូវការដើម្បីចាប់យក និងផ្តួចផ្តើមយុទ្ធសាស្រ្តដើម្បីធានាតម្លៃផលិតកម្មដំឡូងមី។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញបានជាង ១,៦ លានតោន គឺកើនឡើង ៣៨៥.៤៩ ភាគរយពី ៣៤៤ ៧៥០ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងបានបន្ថែមថា ការនាំចេញម្សៅដំឡូងមី ក៏បានកើនឡើងពី ៣៩,៩៣៥តោន នៅឆមាសទី១ ឆ្នាំ២០២៤ កើនឡើង ១០៤ភាគរយ ពីចំនួន ១៩,៥០០តោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែការនាំចេញដំឡូងមីបានថយចុះ ៨,៨៦ភាគរយ៕