ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃច័ន្ទ បានអំពាវនាវឱ្យមានការលើកកម្ពស់សហគមន៍នេសាទ ក៏ដូចជាការលើកកម្ពស់សកម្មភាពនានារបស់ស្ត្រី ដោយលើកឡើងពីតម្រូវការក្នុងការពង្រឹងសហគ្រិនភាព និងជំនាញប្រមូលផលរបស់ពួកគេ ក្នុងគោលបំណងបង្កើតឡើងវិញនូវជីវចម្រុះនៅតំបន់ឆ្នេរ និងអភិរក្សធនធានជលផលសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ភាពជាដៃគូ និងយុទ្ធសាស្ត្ររបស់ ADB ផ្តោតលើវិបុលភាពរបស់កម្ពុជា នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុក និងភពផែនដី។ លោកស្រីបានបញ្ជាក់ថា៖ «គម្រោងនេះបូករួមសមាសធាតុទាំងបីបញ្ចូលគ្នា។
ក្រោមក្របខណ្ឌជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ដែលជាគម្រោងរួមដែលផ្តល់មូលនិធិដោយ ADB និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) លោកស្រី Jyotsana បានដឹកនាំក្រុមអ្នកសារព័ត៌មានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកបណ្ឌិត ខូវ គួង អគ្គនាយករងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ខេត្តកំពត នាថ្ងៃទី៩ ខែធ្នូ។
នាយិកា ADB ប្រចាំកម្ពុជា បានបន្ថែមថា “ការផ្តោតសំខាន់នៃគម្រោងនេះគឺដើម្បីបង្កើតឡើងវិញនូវជីវចម្រុះនៅតំបន់ឆ្នេរ និងជលផលសមុទ្រ។ យើងធ្វើការជាមួយនឹងសហគមន៍នេសាទទាំងនេះ ដោយឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេស្របទៅនឹងវិស័យទេសចរណ៍។ កម្មវិធីនេះផ្តោតលើទិដ្ឋភាពនៃការប្រែប្រួលអាកាសធាតុ និងរបៀបដែលវាកំពុងតែធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះនៃប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្ររបស់ព្រះរាជាណាចក្រកម្ពុជា”។
លោកស្រីបានបន្តថា គម្រោង SCMF បច្ចុប្បន្នចំណាយប្រហែល ៨ លានដុល្លារ ហើយប្រហែល ៤០ លានដុល្លារ ត្រូវបានបម្រុងទុក ដើម្បីបង្កើនភាពធន់ផ្នែកអាកាសធាតុ និងកសាងប្រព័ន្ធអេកូឡូស៊ីឡើងវិញ។
លោកស្រី Jyotsana ក៏បានថ្លែងថា “គម្រោងនេះក៏ផ្តោតទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទ ជាពិសេសស្ត្រី ដោយគាំទ្រដល់ការចូលរួមរបស់ពួកគេក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ត្រី ការបែងចែក ការវេចខ្ចប់ និងការលក់។
“យើងកំពុងធ្វើការជាមួយពួកគេដើម្បីបង្កើនជំនាញសហគ្រិនភាពរបស់ពួកគេ ក្នុងគោលបំណងបន្ថែមតម្លៃតាមរយៈការវេចខ្ចប់ និងការធ្វើទីផ្សារផលិតផលត្រីឱ្យកាន់តែប្រសើរឡើង”។
លោកស្រីក៏បានលើកឡើងពីគម្រោងរងមួយ ដែលផ្តោតលើការអភិវឌ្ឍរចនាសម្ព័ន្ធក្រោមទឹក ដើម្បីលើកកម្ពស់កំណើនស្មៅសមុទ្រ ដែលបម្រើជាជម្រកធម្មជាតិសម្រាប់ភាពរីកចម្រើននៃជីវចម្រុះ។
លោកស្រីបានបន្ថែមថា “ចំណុចសំខាន់មួយទៀតនៃគម្រោងនេះគឺការសហការជាមួយអង្គភាពស្រាវជ្រាវក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីឡើងវិញ។ នេះរួមបញ្ចូលទាំងការអប់រំសហគមន៍នេសាទឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាធនធានដ៏មានតម្លៃទាំងនេះ»។
យោងតាម ADB គម្រោង SCMF កំពុងសហការជាមួយសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់គម្រោងក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន តាមរយៈការធ្វើឱ្យសហគមន៍តំបន់ឆ្នេរសមុទ្រ និងអាជីវកម្មខ្នាតតូចធ្វើពិពិធកម្មជីវភាពរស់នៅ ទទួលយកការអនុវត្តប្រកបដោយចីរភាព និងពង្រីកទៅជាសហគ្រាសដែលទទួលបានជោគជ័យ។
សេចក្តីប្រកាសបានបន្ថែមថា គម្រោង SCMF (ខែធ្នូ ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៩) ត្រូវបានគាំទ្រដោយកញ្ចប់ហិរញ្ញប្បទានចំនួន ៧៣ លានដុល្លារ (កម្ចីចំនួន ៥១ លានដុល្លារ និងជំនួយឥតសំណង ២២ លានដុល្លារ) ពី ADB និង ២០លានដុល្លារ ពី AFD ដោយស្វែងរកការលើកកម្ពស់ភាពធន់នឹងអាកាសធាតុ និងចីរភាពនៃឆ្នេរសមុទ្រនិងជលផលសមុទ្រកម្ពុជា។
អនុវិស័យជលផលដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ដោយរួមចំណែកពី ៨ ទៅ ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។ ជលផលសមុទ្របង្កើតបាន ១៣ ភាគរយនៃអនុវិស័យទោះជាយ៉ាងណា ការនេសាទលើសកំណត់ រួមជាមួយនឹងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ បានធ្វើឱ្យបាត់បង់ស្តុកត្រីយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ និងអាជីវកម្មឆ្នេរសមុទ្រ និងជំរុញឱ្យតម្លៃត្រីកើនឡើង។