កម្ពុជាបានចាប់ដៃគូជាមួយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី២០ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ក្រោមមូលបទ «ប្រព័ន្ធផ្សព្វផ្សាយ៖ ប្រារព្ធខួប២០ឆ្នាំនៃភាពឧត្តុងឧត្តមនិងទិសដៅឆ្ពោះទៅមុខ»។
ខេត្តសៀមរាបដែលល្បីល្បាញខាងសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងជាទីកន្លែងប្រវត្តិសាស្ត្រនឹងស្វាគមន៍អ្នកសារព័ត៌មានមកពីជុំវិញពិភពលោក ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលមួយនេះ។
ដើម្បីរួមគ្នារៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានចុះអនុស្សារណៈយោគយល់គ្នាជាមួយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ។
អនុស្សរណៈយោគយល់គ្នានេះបានចុះហត្ថលេខាដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយលោកស្រី Philomena Gnanapragasam អគ្គនាយិកាវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិកសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅក្រសួងព័ត៌មានកាលពីថ្ងៃពុធ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់គ្នានេះ ដើម្បីរួមគ្នាចាប់ផ្ដើមអនុវត្តការងាររៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។
លោកបន្ថែមថា កិច្ចប្រជុំនេះគ្រោងអញ្ជើញអ្នកចូលរួមមកពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយ វាគ្មិនសំខាន់ៗ និងម្ចាស់ឧបត្តម្ភកម្មវិធីប្រមាណ៧០០នាក់នៅទូទាំងពិភពលោក ដើម្បីជួយផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ សម្បត្តិវប្បធម៌ដ៏សម្បូរណ៍បែប ភាពស្រស់ស្អាតរបស់កម្ពុជា ជាពិសេសបង្ហាញពីសុខសន្តិភាព និងងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
ជាមួយនឹងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីនេះ ក៏មានការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិកដែលមានបណ្តាប្រទេសជាសមាជិកអាស៊ី-ប៉ាស៊ីហ្វិកចំនួន២៦ប្រទេស ព្រមទាំងមានសិក្ខាសាលាពាក់ព័ន្ធនឹងការងារអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្នុងក្របខណ្ឌអាស៊ី-ប៉ាស៊ីហ្វិកផងដែរ។
លោកបាននិយាយថា៖ «តាមរយៈព្រឹត្តិការណ៍ទាំងនេះ តួអង្គទាំងអស់នឹងចូលរួមផ្លាស់ប្តូរបទពិសោធ យោបល់ និងកត់ត្រាទុកនូវអនុសាសន៍និងធាតុចូលដែលនឹងរួមចំណែកសំខាន់សម្រាប់ការអភិវឌ្ឍវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្រោមមូលបទប្រព័ន្ធផ្សព្វផ្សាយ៖ ប្រារព្ធខួប២០ឆ្នាំនៃភាពឧត្តុងឧត្តមនិងទិសដៅទៅមុខ»។
លោកបន្ថែមថា៖ «កិច្ចប្រជុំនិងព្រឹត្តិការណ៍ពាក់ព័ន្ធទាំងអស់ ក៏ជាឱកាសមួយសម្រាប់បណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក (AIBD) និងអ្នកចូលរួមទាំងអស់ផ្តោតលើការពិភាក្សារកដំណោះស្រាយនិងយន្តការសមស្របគាំទ្រដល់កិច្ចខិតខំរួម ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយដែលជាបញ្ហារួមរបស់សមាជិកក្នុងតំបន់ និងរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ដើម្បីធានាភាពសុខសាន្តនិងស្ថិរភាពសេដ្ឋកិច្ចសង្គមទាំងក្នុងតំបន់និងក្នុងប្រទេសសមាជិកទាំងអស់»។
កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៦ នៅលើទឹកដីអង្គរខេត្តសៀមរាប កាលពីឆ្នាំ២០១៩ ក្រោមប្រធានបទ៖ “ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការផ្តោតលើការអភិវឌ្ឍទីផ្សារ”។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយប្រមាណ៦០០នាក់មកពី៤២ប្រទេស។
កាលពីឆ្នាំ២០២៤ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៩ ដែលប្រារព្ធធ្វើនៅគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពេលនោះលោក នេត្រ ភក្ត្រា បានអំពាវនាវដល់បណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិកចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវដល់បណ្តាលប្រទេសជាសមាជិកចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ៕