ការបង្កើននូវសមត្ថភាព ភាពសម្បូរបែប និងផលិតភាពនៃវិស័យសេវាកម្ម គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ វាក៏ចាំបាច់ផងដែរសម្រាប់ការពង្រឹងនូវទីផ្សារការងារ និងធ្វើឱ្យវាស្របទៅនឹងការកើនឡើងនៃចំនួននិស្សិតបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយល្អៗជាច្រើនដែលអាចជួយកែលម្អវិស័យសេវាកម្ម។ ឧទាហរណ៍ យុទ្ធសាស្ត្របញ្ចកោណ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គោលនយោបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយជាតិស្តីពីការងារ គាំទ្រសហគ្រាសធុនតូច និងមធ្យម និងកំណែទម្រង់វិមជ្ឈការ។ ទោះបីជាគោលនយោបាយទាំងនេះ នៅមិនទាន់ពេញលេញក៏ដោយ វាបញ្ជាក់យ៉ាងច្បាស់ថាការកែលម្អវិស័យសេវាកម្មគឺជាមធ្យោបាយសំខាន់មួយ និងជាបំណងប្រាថ្នាដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗផ្សេងៗដែលមានចែងនៅក្នុងគោលនយោបាយដែលមានស្រាប់។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីកែលម្អវិស័យសេវាកម្ម និងស្ថិរភាពកំណើនរបស់ខ្លួន កំណែទម្រង់គឺចាំបាច់។ យោងតាមរបាយការណ៍ Unbound Services របស់ធនាគារពិភពលោក កំណែទម្រង់រួមមានការបង្កើតឱកាស និងការលើកទឹកចិត្តបន្ថែមសម្រាប់វិស័យឯកជន ដើម្បីឱ្យស្របទៅនឹងវិធីសាស្រ្តការងារ និងបង្កើនសមត្ថភាពធនធានមនុស្ស ការកំណត់ភាពផ្តាច់មុខទាំងក្នុងវិស័យឯកជន និងសាធារណៈ និងកាត់បន្ថយឧបសគ្គសម្រាប់ក្រុមហ៊ុន។
ភ័ស្តុតាងជាក់ស្តែងក៏បង្ហាញផងដែរថាកំណែទម្រង់សេវាកម្មទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវផលិតភាព ការបង្កើនការងារ និងការបង្កើនលទ្ធភាពទទួលបានសេវា។ ទោះយ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យ និងទាញយកអត្ថប្រយោជន៍ជាអតិបរមានៃសេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនថ្នាក់ជាតិត្រូវតែមានការប្រកួតប្រជែង។ ដូចគ្នាដែរ ការផ្លាស់ប្តូរទីផ្សារការងារដែលកើតចេញពីកំណែទម្រង់សេវាកម្មអាចធ្វើអោយបញ្ហាប្រឈមនៃការរួមបញ្ចូលដែលមានស្រាប់កាន់តែធ្ងន់ធ្ងរ។
ជាមួយគ្នានេះ ផ្នែកសង្គមជនបទ និងផ្នែកដែលមានប្រាក់ចំណូលទាប មិនទាន់ទទួលបានអត្ថប្រយោជន៍ស្មើគ្នាពីការពង្រីកលទ្ធភាពទទួលបានសេវានោះទេ។
មាគ៌ាទៅកាន់វិបុលភាព គឺជាវិធីសាស្រ្តដែលមានតុល្យភាព។ សេរីភាវូបនីយកម្មដករបាំងទីផ្សារចេញ ប៉ុន្តែដោយគ្មានបទប្បញ្ញត្តិត្រឹមត្រូវ បញ្ហាដូចជា ភាពផ្តាច់មុខ(monopolization) ហានិភ័យនៃសន្តិសុខសាយប័រ (រួមទាំងការបំពានលើឯកជនភាពទិន្នន័យ) និងការចាត់ចែងធនធានមិនត្រឹមត្រូវ (រួមទាំងអប្រសិទ្ធភាព និងអំពើពុករលួយ) អាចមានការកើនឡើង។ បរិយាកាសដែលមានបទប្បញ្ញត្តិគឺចាំបាច់សម្រាប់ការប្រកួតប្រជែងដោយយុត្តិធម៌ និងឱកាសនៃការបង្កើតថ្មី។
អ្នកបង្កើតគោលនយោបាយត្រូវពង្រឹងចំណេះដឹងរបស់ពួកគេ ដើម្បីបង្កើតបរិយាកាសគាំទ្រនិងបរិយាបន្ន។ អ្នកអប់រំគួរតែធ្វើបច្ចុប្បន្នភាពវិធីសាស្រ្តបង្រៀន និងពង្រីកកម្មវិធីសិក្សា ដើម្បីបំពេញតម្រូវការការងារនៃសេដ្ឋកិច្ចសេវាកម្មដែលកំពុងរីកចម្រើន។ នេះពាក់ព័ន្ធនឹងការកែលម្អគរុកោសល្យសម្រាប់ជំនាញបច្ចេកទេស ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញទន់នៅក្នុងគ្រឹះស្ថានអប់រំថ្នាក់មធ្យមសិក្សា ឧត្តមសិក្សា និងវិជ្ជាជីវៈ។ វាក៏មានន័យថាកាត់បន្ថយគម្លាតរវាងការអប់រំ និងតម្រូវការទីផ្សារ ដើម្បីផ្គត់ផ្គង់ឱ្យកាន់តែប្រសើរឡើងនូវតម្រូវការទីផ្សារដែលកំពុងវិវត្ត។
ប្រព័ន្ធអប់រំត្រូវការការកែលម្អ។ ទី១៖ បញ្ហានេះគឺពាក់ព័ន្ធនឹងការបង្កើនកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ន ដើម្បីធានាថាមន្ត្រីជាន់ខ្ពស់មានទំនួលខុសត្រូវចំពោះការប្រើប្រាស់ធនធានរដ្ឋខុស ដែលនឹងជំរុញឱ្យមានការត្រួតពិនិត្យ និងធ្វើឱ្យមានវិន័យកាន់តែប្រសើរឡើងក្នុងចំណោមមន្ត្រីថ្នាក់ក្រោម។ ក្នុងពេលជាមួយគ្នានេះ យុទ្ធនាការសាធារណៈគួរតែត្រូវបានប្រើប្រាស់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំ លទ្ធភាពទទួលបានឱកាស និងរបៀបដែលការប្រើប្រាស់មូលនិធិមិនត្រឹមត្រូវប៉ះពាល់ដល់អ្នកទទួលសេវា។ ទីបំផុត ការអភិវឌ្ឍន៍ជាតិអាស្រ័យទៅលើការសម្រេចបាននូវលទ្ធផលអប់រំដែលមានលក្ខណៈប្រកួតប្រជែង បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។
ទី២៖ ការអនុវត្តការអប់រំគួរតែត្រូវកែសម្រួល។ ការបណ្តុះបណ្តាលវិជ្ជាជីវៈគួរតែចាប់ផ្តើមបញ្ចូលក្នុងកម្មវិធីសិក្សាចាំតាំងពីថ្នាក់បឋមសិក្សា ដោយផ្តោតលើការរៀន STEAM ប្រកបដោយភាពសកម្ម។ ត្រូវការការវិនិយោគបន្ថែមទៀតនៅតំបន់ជនបទ ដើម្បីបង្កើនលទ្ធភាពទទួលបានបច្ចេកវិទ្យាក្នុងការជួយដល់ការរៀនអនឡាញ និងការបណ្តុះបណ្តាលតាមកុំព្យូទ័រ។ ត្រូវការធនធានបន្ថែមសម្រាប់គ្រឹះស្ថានអប់រំដែលរៀបចំសិស្សសម្រាប់ការងារផ្នែកសេវាកម្ម។ លើសពីនេះ គុណភាពនៃការបង្រៀនគួរតែត្រូវបានកែលម្អ ហើយគម្លាតរវាងកម្មវិធីសិក្សា និងតម្រូវការទីផ្សារការងារត្រូវតែកាត់បន្ថយ។
ដើម្បីឱ្យភាពអាចជួញដូរបាន(Tradability) ដំណើរការប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវមានបទប្បញ្ញត្តិជាក់ស្តែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ការដោះដូរសេវាកម្មក៏ជាគន្លឹះក្នុងការបង្កើនទីផ្សារ លើកទឹកចិត្តឱ្យមានការបង្កើតថ្មី និងការជំរុញភាពជាដៃគូវិស័យសាធារណៈ និងផ្នែកឯកជន។ អ្នកបង្កើតគោលនយោបាយ អ្នកអប់រំ និងក្រុមហ៊ុនគឺជាអ្នកផ្តល់សេវាដែលដើរតួនាទីក្នុងការអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មដែលត្រូវការដើម្បីបង្កើនវិសាលភាព និងផលិតភាពនៃវិស័យសេវាកម្ម។ កាបង្កើត និងការអនុវត្តគោលនយោបាយ ការកសាងមូលដ្ឋានចំណេះដឹង និងការកសាងសមត្ថភាព និងការច្នៃប្រឌិតផលិតផល នឹងទទួលបានជោគជ័យបំផុតតាមរយៈការសម្របសម្រួល។ ការសង្កត់ធ្ងន់លើភាពអាចជួញដូរបាន(Tradability) គាំទ្រកិច្ចសហប្រតិបត្តិការនេះ។
ទាំងការផ្តល់សេវា (ការធ្វើសេវាកម្មជា ជា’ផលិតផល’) និងលទ្ធផលអប់រំ (ការសិក្សាជា ‘ការអនុវត្ត’) គួរតែសង្កត់ធ្ងន់ទៅលើម៉ូឌុល (modularity)ភាពអាចធ្វើម្តងទៀត និងវិសាលភាព។ ទាក់ទងនឹងការអប់រំ កម្មវិធីសិក្សា និងសកម្មភាពក្នុងថ្នាក់គួររួមបញ្ចូលការបង្រៀនជំនាញដែលត្រូវការដើម្បីបង្កើត និងផ្តល់សេវាកម្មដែលអាចដោះដូរបាន។
និស្សិតបញ្ចប់ការសិក្សាដែលចូលក្នុងវិស័យសេវាកម្មត្រូវតែមានសមត្ថភាពផលិត និងផ្តល់សេវាកម្មដែលប្រកាន់ខ្ជាប់នូវច្បាប់នៃម៉ូឌុល ដូច្នេះសកម្មភាពរបស់ពួកគេអាចត្រូវបានបែងចែកទៅជាឯកតាដែលបានកំណត់យ៉ាងល្អ ដែលអនុញ្ញាតឱ្យមានការចែកចាយ ការវាស់វែង និងតម្លៃស្របគ្នា។ ឧទាហរណ៍ ក្រុមហ៊ុនប្រឹក្សាអាចផ្តល់កញ្ចប់ប្រឹក្សាតាមស្តង់ដារ ក្រុមហ៊ុនច្បាប់អាចផ្តល់គំរូកិច្ចសន្យា ឬរចនាសម្ព័ន្ធតម្លៃថេរ ហើយអ្នកបង្កើតកម្មវិធីអាចផ្តោតលើសេវាមីក្រូដែលជំរុញដោយ API ។
ការអប់រំផ្នែកសេវាកម្មក៏គួរតែត្រូវបានដឹកនាំដោយគោលការណ៍នៃការធ្វើឡើងវិញបាន ដោយបង្រៀនពីរបៀបដែល ‘ផលិតផល’ អាចត្រូវបានផ្តល់ជូនសម្រាប់វិស័យផ្សេងៗនៃទីផ្សារ។ ឧទាហរណ៍រួមមាន ដំណើរការអាជីវកម្មទាញយកពីប្រភពផ្សេងជាមួយនឹងការភ្ជាប់សេវាកម្មអតិថិជន ប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ការធ្វើបច្ចុប្បន្នភាពកម្មវិធីដោបច្ចេកវិទ្យា SaaS (software as a service) និងបង្កើតសេវាកម្មដែលផ្តល់នូវការព្យាករណ៍សម្រាប់អ្នកប្រើប្រាស់។
ជាចុងក្រោយ ការផ្តោតលើការធ្វើមាត្រដ្ឋានជួយកាត់បន្ថយការចំណាយបន្ថែមនៅពេលពង្រីក។ AI អាចត្រូវបានប្រើដើម្បីផ្តល់សេវាអតិថិជននៅគ្រប់ភាសា វិស័យថ្នាក់ជាតិ និងទីផ្សារអន្តរជាតិ។ ការស្ទ្រីមអនុញ្ញាតឱ្យមាតិកាត្រូវបានចែកចាយដោយស្ទើរតែគ្មានការចំណាយបន្ថែម។ វេទិកាអប់រំតាមអ៊ីនធឺណិតអាចដោះស្រាយការកើនឡើងនៃការចុះឈ្មោះចូលរៀនដោយមិនចាំបាច់ត្រូវការធនធានបន្ថែម។
អ្នកបង្កើតគោលនយោបាយ អ្នកអប់រំ និងក្រុមហ៊ុនគឺជាអ្នកផ្តល់សេវាជាក់លាក់។ ទន្ទឹមនឹងនោះ ពួកគេទាំងអស់បានរួមចំណែកដល់វិស័យសេវាកម្មដែលមានលក្ខណៈប្រកួតប្រជែង និងផលិតភាពកាន់តែទូលំទូលាយតាមរយៈការធានាឱ្យមានការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស។ និស្សិត និងនិយោជិតត្រូវការឱកាសដើម្បីទទួលបានជំនាញដើម្បីធ្វើសេវាកម្មដែលមានស្រាប់ និងបង្កើតសេវាកម្មថ្មីដែលអាចដោះដូរបាន ប្រសិនបើវិស័យសេវាកម្មនឹងរីកចម្រើន។
(អ្នកនិពន្ធគឺជាព្រឹទ្ធបុរសវិទ្យាសាស្ត្រសង្គម និងទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យបញ្ញាសាស្រ្ត។)