យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃពុធ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យចុះឈ្មោះចំនួន ១១.៤៤៧ ដែលភាគច្រើនស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
របាយការណ៍នេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលដឹកនាំដោយលោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃវិធានការគន្លឹះ ដែលអនុវត្តដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
គណៈកម្មាធិការបានពិនិត្យការអនុវត្តវិធានការគន្លឹះទាំង៤៥ និងកំណត់បញ្ហាប្រឈមមួយចំនួននៃការអនុវត្តយុទ្ធសាស្ត្រជាតិក្នុងចំណោមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកបានលើកឡើងពីភាពចាំបាច់ក្នុងការពន្លឿនវឌ្ឍនភាព ពិសេសក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិ ទាក់ទងនឹងការ ចុះឈ្មោះ និងការធានាថាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះហើយ អាចទទួលបានអត្ថប្រយោជន៍ពិតប្រាកដ។
គណៈកម្មាធិការក៏បានពិភាក្សាអំពីយន្តការគាំទ្រ និងការបន្តរៀបចំអត្ថប្រយោជន៍ពាក់ព័ន្ធនឹងពន្ធដារ ការអភិវឌ្ឍជំនាញ សេវាហិរញ្ញវត្ថុ សេវាគាំពារសង្គម និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជាដើម។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំយុទ្ធនាការផ្សព្វផ្សាយដែលមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ១.៥០០ នាក់ ក្នុងគោលដៅជំរុញការចុះឈ្មោះឱ្យកាន់តែទូលំទូលាយ។
គណៈកម្មាធិការក៏គ្រោងរៀបចំយុទ្ធនាការស្រដៀងគ្នានេះនៅខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ខេត្តសៀមរាប ក្នុងខែមីនា ដោយនឹងពង្រីកទៅខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តផ្សេងៗទៀតជាបន្តបន្ទាប់។
យុទ្ធនាការស្រដៀងគ្នានេះ គ្រោងធ្វើនៅខេត្តបាត់ដំបង ថ្ងៃទី២៣ ខែកុម្ភៈ និងខេត្តសៀមរាប ដោយគ្រោងពង្រីកបន្ថែមទៀតសម្រាប់ខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តផ្សេងៗទៀត។
គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យចុះឈ្មោះចំនួន ១១.៤៤៧ ដែលភាគច្រើនស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ដើម្បីពង្រីកការចុះឈ្មោះនៅទូទាំងប្រទេស លោកបានអំពាវនាវឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនយុទ្ធនាការផ្សព្វផ្សាយ និងបន្តរៀបចំអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកក៏បានលើកឡើងនូវឧទាហរណ៍ពីគម្រោងពង្រឹងស្តង់ដារអនាម័យ និងរបៀបរៀបរយសម្រាប់អ្នកលក់អាហារតាមចិញ្ចើមថ្នល់ និងតាមផ្សារ ដែលនឹងអនុវត្តសាកល្បងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ លោកបានលើកទឹកចិត្តឱ្យសមាគមធុរកិច្ចនានា ជំរុញចលនាចាប់យកស្តង់ដារអនាម័យទាំងនេះក្នុងចំណោមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏កំពុងរៀបចំប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ ដើម្បីតាមដានសូចនាករសំខាន់ៗ ពង្រឹងគណនេយ្យភាព និងត្រៀមរបាយការណ៍វឌ្ឍនភាពដើម្បីដាក់ជូនរាជរដ្ឋាភិបាល។
និយាយទៅកាន់កាសែតខ្មែរថាមស៍ លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិនកម្ពុជា (CCCA) បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អាជីវកម្មក្រៅប្រព័ន្ធផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
លោកបានបន្ថែមថា នេះតម្រូវឱ្យអាជីវកម្មចុះបញ្ជីឱ្យបានត្រឹមត្រូវ ធានាបាននូវដើមទុនគ្រប់គ្រាន់ និងទទួលយកបច្ចេកវិទ្យាទំនើប ដើម្បីបំពេញតាមស្តង់ដារតំបន់ និងអន្តរជាតិ។
លោកបានលើកឡើងថា ទិដ្ឋភាពធុរកិច្ចនៅកម្ពុជានៅតែគ្របដណ្តប់ដោយសហគ្រាសធុនតូច និងមធ្យមដែលនៅក្រៅប្រព័ន្ធ ដែលខ្វះហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ។
លោកបានកត់សម្គាល់បន្ថែមទៀតថា គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ។ តាមរយៈការជំរុញសហគ្រាសក្នុងស្រុកឱ្យដំណើរការជាផ្លូវការ កម្ពុជាមានគោលបំណងពង្រឹងទិដ្ឋភាពសេដ្ឋកិច្ចរបស់ខ្លួន និងលើកកម្ពស់ការប្រកួតប្រជែងជាអន្តរជាតិ។
លោកបានបន្ថែមថា “នេះបង្ហាញថា រដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងក្នុងការបន្ស៊ីគោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជាជាមួយនឹងនិន្នាការក្នុងតំបន់ និងអន្តរជាតិ ធានានូវកំណើនប្រកបដោយនិរន្តរភាព និងទាក់ទាញការវិនិយោគប្រកបដែលមានគុណភាព”។