កាលពីម្សិលមិញ ក្រុមហ៊ុន Nokia បានប្រកាសថា ក្រុមហ៊ុន Cellcard នឹងធ្វើទំនើបកម្មពីបណ្តាញអ៊ីនធឺណិតល្បឿនលឿនរបស់ខ្លួនពី GPON ទៅ XGS-PON ដោយប្រើដំណោះស្រាយអ៊ីនធឺណិតល្បឿនលឿន Lightspan និង Altiplano broadband របស់ Nokia ។
នៅក្នុងសេចក្តីប្រកាសដែលក្រុមហ៊ុនបានចេញផ្សាយ បានឱ្យដឹងថា បណ្តាញដែលត្រូវបានធ្វើទំនើបកម្មនេះ នឹងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍អ្នកប្រើប្រាស់ និងផ្តល់ល្បឿនអ៊ីនធឺណិតដល់អតិថិជនរហូតដល់១០ជីកាបៃក្នុងមួយវិនាទី (10 Gb/s)។
“បណ្តាញអ៊ីនធឺណិតនេះក៏នឹងជួយក្រុមហ៊ុន Cellcard បង្កើនអត្ថប្រយោជន៍ប្រកួតប្រជែង និងបង្កើនភាពជឿជាក់ ភាពបត់បែន និងទំហំនៃបណ្តាញអ៊ីនធឺណិតល្បឿនលឿន (Fiber Network) របស់ខ្លួន ដើម្បីផ្គត់ផ្គង់ឱ្យបានកាន់តែប្រសើរឡើង ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដែលកំពុងវិវត្ត”។
យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Cellcard នឹងដាក់ពង្រាយប្រព័ន្ធ Lightspan Optical Line Terminals (OLTs) របស់ក្រុមហ៊ុន Nokia និង Altiplano Access Controller របស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងទីក្រុងធំៗផ្សេងទៀតនៅទូទាំងតំបន់។
សេចក្តីប្រកាសបានបន្តថា Altiplano Access Controller របស់ Nokia ផ្តល់នូវថ្នាលពពក(cloud-native platform)ជាមួយនឹងការគ្រប់គ្រងបណ្តាញពេញលេញ និងមុខងារគ្រប់គ្រង SDN ដែលនឹងអាចឱ្យ Cellcard មើលឃើញកាន់តែប្រសើរឡើង ស្វ័យប្រវត្តិកម្ម និងបង្កើនប្រសិទ្ធភាពសេវាកម្មចូលប្រើអ៊ីនធឺណិតដែលខ្លួនផ្តល់ជូន។
សេចក្តីប្រកាសបានបន្ថែមថា ដោយប្រើឧបករណ៍ប្រើប្រាស់ Lightspan របស់ Nokia ក្រុមហ៊ុន Cellcard ក៏នឹងអាចបង្កើតបណ្តាញដែលត្រៀមរួចជាស្រេចនាពេលអនាគតដែលអាចវិវត្តទៅជា 25G PON ហើយដោះស្រាយភ្លាមៗនូវតម្រូវការដែលកំពុងកើនឡើងសម្រាប់សមត្ថភាពបន្ថែមទៀត។
លោក Asitha De Costa ប្រធានផ្នែក ICT CIO នៅក្រុមហ៊ុន Cellcard បាននិយាយថា ក្រុមហ៊ុនប្តេជ្ញាផ្តល់នូវបទពិសោធន៍បណ្តាញល្អបំផុតដល់
អតិថិជនរបស់យើង ជាពិសេសនៅពេលដែលការប្រើប្រាស់ទិន្នន័យបន្តកើនឡើង ហើយបុគ្គលម្នាក់ៗពឹងផ្អែកកាន់តែច្រើនលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់សកម្មភាពវិជ្ជាជីវៈ និងផ្ទាល់ខ្លួនរបស់ពួកគេ។
“យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Nokia ជាលើកដំបូងនៅក្នុងដែនបណ្តាញអ៊ីនធឺណិតល្បឿនលឿនរបស់យើង ដើម្បីបង្កើនបទពិសោធន៍ប្រើប្រាស់អ៊ីនធឺណិតតាមលំនៅឋានរបស់អតិថិជនរបស់យើង។ បណ្តាញថ្មីនេះនឹងអាចឱ្យអ្នកប្រើប្រាស់របស់យើងរីករាយជាមួយកម្មវិធីដែលប្រើប្រាស់កម្រិតបញ្ជូនខ្ពស់ (high-bandwidth-consuming applications) ដូចជាការលេងហ្គេម ខណៈបង្កើនប្រសិទ្ធភាពបណ្តាញតាមរយៈស្វ័យប្រវត្តិកម្ម។”
លោក Ajay Sharma ប្រធាន South-East Asia North Sales, Network Infrastructure នៅក្រុមហ៊ុន Nokia បាននិយាយថា ក្រុមហ៊ុនរបស់គាត់ប្តេជ្ញាក្នុងការជួយដល់អ្នកផ្តល់សេវាទូទាំងពិភពលោកឱ្យផ្លាស់ប្តូរទៅជាប្រព័ន្ធ XGS-PON និងស្វ័យប្រវត្តិកម្ម ដើម្បីគាំទ្រឱ្យកាន់តែប្រសើរឡើងនូវតម្រូវការកើនឡើងនៃសេវាកម្ម 10Gb/s និងតម្រូវការសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់បណ្តាញ និងប្រសិទ្ធភាពប្រតិបត្តិការ។
“ដំណោះស្រាយ Lightspan និង Altiplano ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរបស់យើង នឹងជួយក្រុមហ៊ុន Cellcard ធ្វើទំនើបកម្មបណ្តាញអ៊ីនធឺណេតល្បឿនលឿនរបស់ខ្លួន និងអាចឱ្យវាកាត់បន្ថយការចំណាយថាមពល និងកាត់បន្ថយការបំភាយកាបូនរបស់វា។ គម្រោងដ៏សំខាន់នេះបានជួយពង្រឹងភាពជាដៃគូយូរអង្វែងរបស់យើងជាមួយក្រុមហ៊ុន Cellcard។
កាលពីឆ្នាំមុន អ្នកប្រើអ៊ីនធឺណិតរបស់ប្រទេសកម្ពុជាបានកើនលើស ២០ លាននាក់ជាលើកដំបូង ដែលកើនឡើងពី ១៦,៦ លាននាក់ ដែលបានចុះឈ្មោះក្នុងឆ្នាំ២០២០។
ព្រះរាជាណាចក្រកម្ពុជាបានប្រកាសជាផ្លូវការពីការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥’ ។
រដ្ឋាភិបាលមានយុទ្ធសាស្ត្រពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធចល័ត និងអ៊ីនធឺណិតល្បឿនលឿនតាមរយៈសេវាចល័តជំនាន់ទី៤ (4G) ដើម្បីឈានទៅដល់សេវាចល័តជំនាន់ទី៥ (5G) និងជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតល្បឿនលឿនដល់គ្រប់ឃុំទាំងអស់ទូទាំងប្រទេស។