ដើម្បីពង្រឹងបន្ថែមទៀតនូវឧស្សាហកម្មដំឡើងយានយន្តក្នុងស្រុកដើរដោយថាមពលឥន្ធនៈ និងអគ្គិសនី ហើយដាក់ប្រទេសកម្ពុជាជាដៃគូប្រកួតប្រជែងនៅទីផ្សារក្នុងតំបន់ រាជរដ្ឋាភិបាលកាលពីថ្ងៃពុធបានបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីផែនការយុទ្ធសាស្ត្រទាក់ទាញការវិនិយោគក្នុងវិស័យយានយន្ត។
បន្តកសាងភាពជោគជ័យនៃការជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងាររៀបចំសេចក្តីព្រាង “យុទ្ធសាស្ត្រជំរុញការវិនិយោគក្នុងវិស័យយានយន្ត” នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក នុត អ៊ុនវ័ណរ៉ាអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះ ផងដែរ។
លោក ហ៊ាន សាហ៊ីបដែលជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍វិស័យឯកជនបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ឧស្សាហកម្មដំឡើងថ្នាក់ជាតិសម្រាប់រថយន្ត ម៉ូតូ និងត្រីចក្រយានយន្ត រួមទាំងរថយន្តដែលប្រើឥន្ធនៈ និងអគ្គិសនី។
សេចក្តីព្រាងច្បាប់នេះមានគោលបំណងធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិតាមរយៈការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាបន្នដោយគាំទ្រដល់ឧស្សាហកម្មដំឡើងដែលមានតម្លៃបន្ថែមខ្ពស់”។
លោកបានបន្ថែមថា យុទ្ធសាស្ត្រនេះគឺដើម្បីពង្រឹងសមត្ថភាពនាំចេញ ដោយធ្វើអោយកម្ពុជាក្លាយជាដៃគូប្រកួតប្រជែងនៅទីផ្សារក្នុងតំបន់ និងពិភពលោក ខណៈដែលជំរុញកំណើនទាំងការផលិតរថយន្តដើរដោយឥន្ធនៈ និងអគ្គិសនី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ្នកចូលរួមបានពិភាក្សាអំពីធាតុចូលដែលប្រមូលបានពីវិស័យឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រសម្រាប់ផែនការរយៈពេលមធ្យម និងវែង។
រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការរង តំណាងឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគោលនយោបាយ និងមូលនិធិអភិវឌ្ឍន៍ជំនាញ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានចូលរួមក្នុងការពិភាក្សានេះផងដែរ។
គួរកត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលបានអនុម័តនូវគម្រោងវិនិយោគ និងអាជីវកម្មចំនួន ៤២ ក្នុងខែមករា ដែលមានទំហំទឹកប្រាក់ចំនួន ៥៦៥ លានដុល្លារ។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន៦៤ និងគម្រោងពង្រីកចំនួន៤ ដែលមានតម្លៃ ៧៤៨ លានដុល្លារក្នុងខែមករា។ គម្រោងទាំង ៦៨ គឹជាគម្រោងវិស័យឧស្សាហកម្ម ដោយប្រទេសចិននាំមុខគេក្នុងបញ្ជីវិនិយោគិន ដែលបង្ហាញពីទំនុកចិត្តខ្លាំងចំពោះសក្តានុពលនាំចេញរបស់កម្ពុជា។
និយាយទៅកាន់កាសែតខ្មែរថាមស៍ លោក Yann Vaudinស្ថាបនិកក្រុមហ៊ុន VOLTRA មានប្រសាសន៍ថា គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើអោយកម្ពុជាក្លាយជាតួអង្គសំខាន់ក្នុងឧស្សាហកម្មរថយន្ត។
ប្រសិនបើអនុវត្តប្រកបដោយប្រសិទ្ធភាព យុទ្ធសាស្ត្រនេះអាចទាក់ទាញអ្នកវិនិយោគ បញ្ចុះតម្លៃរថយន្តតាមរយៈការដំឡើងស្រុក និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា។ ប៉ុន្តែ ប្រសិនបើវិនិយោគិនមកដើម្បីតែអត្ថប្រយោជន៍ពីការលើកលែងពន្ធ និងតម្លៃពលកម្មទាប ខណៈដែលនាំចេញយានយន្តទាំងអស់ទៅក្រៅប្រទេសដោយមិនរួមចំណែកដល់ទីផ្សារក្នុងស្រុក ឬធ្វើឱ្យរថយន្តមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា នោះគឺវាមិនស្របទៅនឹងគោលបំណងនៃយុទ្ធសាស្ត្រ នោះទេ។
លោកបានបន្ថែមថា៖ «ការអភិវឌ្ឍឧស្សាហកម្មដំឡើងក្នុងស្រុកគួរតែជួយកាត់បន្ថយតម្លៃរថយន្តក្នុងស្រុកដែលនៅតែមានតម្លៃខ្ពស់ជាងរថយន្តនៅក្នុងប្រទេសជិតខាង»។
លោកបានបន្តទៀតថា ដើម្បីធានាបាននូវភាពជោគជ័យ គោលនយោបាយគួរតែផ្តល់អាទិភាពដល់កំណើនទីផ្សារក្នុងស្រុក ជំរុញការវិនិយោគរបស់វិស័យឯកជនក្នុងបណ្តាញស្ថានីយ៍សាកថ្ម និងជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមរយៈក្របខ័ណ្ឌច្បាស់លាស់ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន។
លោកបានលើកឡើងទៀតថា តាមរយៈការដោះស្រាយបញ្ហាទាំងនេះ វិនិយោគិនអាចរក្សាការប្រកួតប្រជែងជាអន្តរជាតិ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនៅក្នុងស្រុក និងធ្វើអោយកម្ពុជាក្លាយជាអ្នកដឹកនាំក្នុងវិស័យយានយន្តក្នុងតំបន់ប្រកបដោយចីរភាព។