កសិករដាំប៉េងប៉ោះក្នុងស្រុក អំពាវនាវឲ្យប្រជាពលរដ្ឋជួយគាំទ្រប៉េងប៉ោះរបស់ខ្លួន ព្រោះប៉េងប៉ោះជិតពេញបេះ តែមានទីផ្សារតិចតួច។
លោក គា កក្កដា កសិករដាំប៉េងប៉ោះ (cherry tomatoes) ប្រហែលកន្លះហិកតា(ពីររ៉ៃ) នៅភូមិអូរនាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បាននិយាយថា គាត់ដាំដំណាំប៉េងប៉ោះនេះជាលើកដំបូង ហើយបានទិន្នផលច្រើនតោន ប៉ុន្តែមិនមានទីផ្សារច្រើនដើម្បីលក់ចេញ។
លោកបន្តថា ដោយសារខ្វះទីផ្សារ ទើបគាត់លក់ឲ្យម៉ូយនៅផ្សារភូពុយ បានត្រឹមតែ៥០ទៅ៦០គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលតម្លៃត្រឹមតែមួយពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ។ កាលពីមុនគាត់ធ្លាប់ដាំត្រសក់ជារៀងរាល់ឆ្នាំ ប៉ុន្តែដោយឃើញថា ប៉េងប៉ោះ cherry មានតម្លៃថ្លៃខ្លាំង គាត់ក៏បានសាកល្បងដាំប៉េងប៉ោះម្តង ហើយការដាំដុះក៏ទទួលបានជោគជ័យ និងបានទិន្នផលលើសពីការរំពឹងទុក។ បើទោះជាតម្លៃ១ពាន់រៀលក្នុង១គីឡូក៏ដោយ បើមានទីផ្សារគាត់ប្រមូលផលផ្លែប៉េងប៉ោះលក់ជាតោន គាត់នឹងអាចទទួលបានប្រាក់ចំណេញសមរម្យ ដោយមិនមានការខាតបង់ឡើយ។
កសិករនិយាយថា បើគ្មានអ្នកទិញទេ ប៉េងប៉ោះរាប់តោននឹងប្រឈមនឹងការទុំដោយមិនដឹងត្រូវធ្វើយ៉ាងណាទេ៕